អតីតខ្សែបម្រើរបស់ក្លិបបិសាចក្រហម Man Utd កីឡាករ Marouane Fellaini ដែលកំពុងលេងឲ្យក្លិប Shandong Luneng ប្រទេសចិន បានជាសះស្បើយពីជំងឺ Covid-19 ហើយ ក្រោយសម្រាកព្យាបាលអស់ជាច្រើនសប្ដាហ៍។
សេចក្ដីប្រកាសមួយរបស់ក្លិប Shandong Luneng បានឱ្យដឹងថា ”Fellaini ត្រូវបានគេវាយតម្លៃ និងមានន័យថាបានជាសះស្បើយ ហើយត្រូវបានគេឱ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ”។ ចំណែកជម្រើសជាតិបែលហ្ស៊ិកវ័យ៣២ឆ្នាំ ក៏បានបង្ហាញលើ Instagram បង្ហាញពីការជាសះស្បើយពីកូរ៉ូណារបស់គេដូចគ្នា។
កីឡាកររូបនេះបាននិយាយថា “ជាពេលវេលាសម្រាប់ខ្ញុំ ត្រូវអរគុណអស់ពីចិត្ត ចំពោះបុគ្គលិកពេទ្យ បុគ្គលិកថែទាំ ដែលបានមើលថែខ្ញុំយ៉ាងល្អ និងលួងលោមធានាខ្ញុំនៅទីនេះ។ វាជាពេលពិបាកខ្លាំងមែនទែននៅពីក្រោយខ្ញុំ! ចូរយើងប្រយុទ្ធប្រឆាំង វាពិតជាសំខាន់ណាស់!”។
សូមបញ្ជាក់ថា កីឡាករ Fellaini ដែលផ្លាស់ទៅលេង Super League ប្រទេសចិននៅខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់បានលេងនៅ Old Trafford ៥ឆ្នាំកន្លះ បានឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០៕
ដោយ៖ ភិរក្ស