ក្រោយរយៈពេលជាច្រើនលើកពិភាក្សានៅទីបំផុត ព្រះនាងអង់គ្លេស Beatrice Elizabeth Mary ដែលជាចៅស្រីព្រះមហាក្សត្រីយានី អាលីហ្សាបែតទី២ បានសម្រេច រំសាយព្រះរាជអភសេកជាមួយគូដណ្ដឹង
ដែលជាអ្នកជំនួញ ដោយសារតែកូវីដ១៩។
សារព័ត៌មាន Fox news នៅថ្ងៃទី១៧ខែមេសា បានផ្សាយថា ព្រះនាង Beatrice ដែលជាបុត្រីរបស់រាជបុត្រ Andrew និងជាចៅស្រីព្រះមហាក្សត្រីយានី Elizabeth II បានកំណត់ពេលវេលារៀបអភិសេក ជាមួយអ្នកជំនួញ Edoardo Mapelli Mozzi នៅថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២០។ តាមគម្រោងពិធីរៀបអភិសេនឹងធ្វើឡើងនៅវិមាន St.James និងពិធីទទួលភ្ញៀវត្រូវធ្វើឡើងនៅរាជវាំង Buckingham ក្នុងទីក្រុងឡុងដុង។
ប៉ុន្តែ ដោយសារតែការឆ្លងរាលដាលកូវីដ១៩ ព្រះនាង និងគូដណ្ដឹងបានសម្រេច រំសាយពិធីអភិសេក ហើយមិនទាន់កំណត់ពេលជាថ្មីនោះឡើយ។
អ្នកនាំពាក្យរបស់ព្រះនាង Beatrice បាននិយាយទៅកាន់សារព័ត៌មាន Fox News ថា«ព្រះនាង Beatriceនិងលោក Mapelli Mozzi ពិតជាចង់រៀបអភិសេកខ្លាំងណាស់ ប៉ុន្តែអ្វីដែលសំខាន់នាពេលនេះគឺទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩»។
មុនពេលសម្រេចរំសាយពិធីអភិសេក ព្រះនាង ធ្លាប់លើកឡើងពីគម្រោងរៀបអភិសេកទ្រង់ទ្រាយតូច និងលុបពិធីជប់លៀងនៅរាជវាំង Buckingham ។ រដ្ឋាភិបាលអង់គ្លេស ក៏បានស្នើបែបនោះដែរ ដោយពិធីរៀបចំតែនៅក្នុងរាជវាំង មានតែសាច់ញាតិរាជវង្សចូលរួមបានហើយ។
គ្រួសារគូដណ្ដឹងរបស់ព្រះនាង គឺនៅក្នុងប្រទេសអុីតាលី ហើយអុីតាលីក៏កំពុងតែរងគ្រោះដោយសារកូវីដ១៩។ព្រះនាង Beatrice ប្រសូត្រនៅឆ្នាំ១៩៨៨ ជាបុត្រីច្បងរបស់រាជបុត្រ Andrew ។ ព្រះនាងធ្លាប់ឆ្លងកាត់ស្នេហាជាច្រើនលើក មុនពេលជួបអ្នកជំនួញ Edoardo Mapelli Mozziនៅឆ្នាំ២០១៨ ហើយក៏បានភ្ជាប់ពាក្យ នៅខែកញ្ញាឆ្នាំ២០១៩ ៕