ភ្នំពេញ៖ មិនដឹងថា៖ ចាងហ្វាង គេហទំព័រ ព័ត៌មាន កសិករ គាត់ជ្រើសរើសបានបុគ្គលិក សុទ្ធតែមានគោរមងារ ឯកឧត្តម និង លោកជំទាវ យ៉ាងណានោះទេ ..? តែពេញមួយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះ មានមជ្ឈដ្ឋានថ្នាក់ដឹកនាំ មន្ត្រីរាជការ ពិសេសបណ្តាញទំនាក់ទំនងសង្គម មានចំងល់មែនទែន ឃើញ លោក មាស បូពៅ ចេញកាត និងលិខិតបំពេញបេសកកម្ម អោយបុគ្គលិក សុទ្ធតែឯកឧត្តម លោកជំទាវ យ៉ាងព្រោងព្រាត..! ។
ចំណុចនេះ កើតជាចំងល់ដ៏ច្រើនថា៖ តើលោកចាងហ្វាង មាស បូពៅ ដឹងទេ ឋានៈត្រឹមណាទៅ ទើបអាច ឯកឧត្តម និង លោកជំទាវ ជាគោរមងារសម្រាប់មន្ត្រីដែលមានឋានន្តរស័ក្តិខ្ពស់ក្នុងកម្ពុជាបច្ចុប្បន្ន ។
សូមបញ្ជាក់ថា៖ គោរមងារឯកឧត្តម និង លោកជំទាវ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យតាមរយៈសំណើរបស់នាយករដ្ឋមន្ត្រីឬតាមព្រះរាជតម្រិះរបស់ព្រះអង្គ ។
ជនដែលអាចមានគោរមងារជា ឯកឧត្តម និង លោកជំទាវ បានលុះត្រាតែមានតំណែងឬឋានៈស្មើជា ៖ ប្រធាន អនុប្រធាន ព្រឹទ្ធសភានិងរដ្ឋសភា , នាយករដ្ឋមន្ត្រី , ឧបនាយករដ្ឋមន្ត្រី , ទេសរដ្ឋមន្ត្រី , រដ្ឋមន្ត្រី , រដ្ឋលេខាធិការ , អនុរដ្ឋលេខាធិការ , អគ្គនាយក អគ្គាធិការ អគ្គលេខាធិការ , សមាជិករដ្ឋសភា និង ព្រឹទ្ធសភា , ឯកអគ្គរាជទូត , ក្រុមប្រឹក្សារាជធានី ខេត្ត , អភិបាលរាជធានី ខេត្ត ។
អស់លោកមន្ត្រីរាជការអ្នកមុខអ្នកការដែលមានតំណែងឬឋានៈស្មើនឹងតំណែងខាងលើទើបមានសិទ្ធិប្រើនូវគោរមងារឯកឧត្តម លោកជំទាវ ដែលតែងតាំងដោយព្រះរាជក្រឹត្យ ។ តែចំពោះអស់លោកដែលមានឋានន្តរស័ក្តិចាប់ពី ឧត្តមសេនីយ៍ត្រី ឡើងទៅ នៅក្នុង នគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ មិនមែនសុទ្ធតែមានងារជាឯកឧត្តមលោកជំទាវទេ តែបើលោកបំរើការងារជាអគ្គនាយកឡើងទៅនៅក្នុងក្រសួងនានានោះទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ ម្យ៉ាងទៀតលុះត្រាណាតែលោកជាទីប្រឹក្សាជំនួយការ លេខាធិការ ឫជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ ។
ចំណែកឯនៅតាមរាជធានី ខេត្ត មានតែអភិបាលខេត្តតែប៉ុណ្ណោះដែលមានងារជា ឯកឧត្តម លោកជំទាវ ចំណែកឯអភិបាលរងឯទៀតមានងារត្រឹមលោកលោកស្រីតែប៉ុណ្ណោះតែបើអភិបាលរងរាជធានីខេត្តនោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឫជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានងារជា ឯកឧត្តម លោកជំទាវ ។ បើ ស្វាមីឬភរិយា ដែលមានងារជាឯកឧត្តម លោកជំទាវ ហើយនោះ ភរិយាឬស្វាមី របស់ជននោះ ក៏មានគោរមងារជាឯកឧត្តម លោកជំទាវ ដោយស្វ័យប្រវត្តិឬយ៉ាងណា.!
ក្នុងករណី បុគ្គលិក គេហទំព័រ ព័ត៌មាន កសិករ សុទ្ធតែគោរមងារ ឯកឧត្តម និង លោកជំទាវ នេះគ្រាន់តែដឹងថា មេអង្គភាពជាប្រធានគណៈបក្សនយោបាយមួយ ទើបគាត់ ដាក់បុគ្គលិក គោរមងារធំៗតែម្តង៕
ដោយ៖ សិលា