ប្រទេសរុស្សុី៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក រុស្ស៊ីរកឃើញមានអ្នកឆ្លងកូវីដ១៩ ដល់ទៅ៦០៦០ នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ជិត៤៣ពាន់នាក់ហើយ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ៖ នៅថ្ងៃទី១៩ ខែមេសា រុស្ស៊ីមានអ្នកឆ្លងកូវីដ១៩ខ្ពស់បំផុត មិនធ្លាប់មានពីមុនមក។ កាលពីថ្ងៃទី១៨ខែមេសា ចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសរុស្ស៊ីមានតែ ជាង៤៧០០នាក់ប៉ុណ្ណោះ ។
សារព័ត៌មាន Sputnik បានផ្សាយថា ៖នៅទីក្រុងមូស្គូ ចំនួនអ្នកឆ្លងកូវីដ១៩នឹងឈានដល់កម្រិតកំពូល ក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខ។ រដ្ឋាភិបាលទីក្រុងមូស្គូបានស្នើពលរដ្ឋ១២លាននាក់ឲ្យនៅក្នុងផ្ទះបញ្ចៀសការធ្វើដំណើរទៅក្រៅ។
បើទោះបីមានចំនួនអ្នកឆ្លងកើនឡើងខ្ពស់ក្នុង ខែមេសា នេះតែប្រធានាធិបតី ពូទីន បានប្រកាសថា ៖ រុស្ស៊ី គ្រប់គ្រងបានទាំងស្រុងពីស្ថានភាពឆ្លងរាលដាលកូវីដ១៩។ លោកពូទីនបញ្ជាក់ថា ៖ ការអនុម័តបម្រាមគោចរ គឺជារឿងចាំបាច់បំផុត ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។
នៅពេលនេះក្នុងរដ្ឋធានីមូស្គូមិនមានរថយន្តបើកបរនៅតាមដងផ្លូវដូចមុនទៀតឡើយដោយសារតែពលរដ្ឋបានចូលរួមសហការជាមួយរដ្ឋាភិបាល ទប់ស្កាតឆ្លងរាលដាល ។ ពលរដ្ឋ បានសម្រេចនៅក្នុងផ្ទះ ដោយមិនចង់ឃើញទិដ្ឋភាព ដូចជានៅក្នុងប្រទេសអ៊ីតាលី បារាំង ឬអាមេរិក កើតឡើងនៅក្នុងទីក្រុងមូស្គូឡើយ៕
ដោយ៖ ធី រីណា