ប្រទេសអុីរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនតូច និងមធ្យម បើកដំណើរការឡើងវិញ ក្រោយពេល អ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសនេះ ធ្លាក់ចុះខ្លាំង ។ នេះជារឿងដ៏ប្រសើរបំផុតសម្រាប់អ៊ីរ៉ង់ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច។
អ៊ីរ៉ង់ គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយសារតែកូវីដ១៩ នៅតំបន់មជ្ឈិមបូព៌ា ដោយអ៊ីរ៉ង់មានអ្នកឆ្លងសរុបដល់ទៅជាង ៨ម៉ឺននាក់ និងស្លាប់ជាង៥ពាន់នាក់។
កាលពីថ្ងៃទី ១៨ខែមេសា ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានបញ្ជាក់ថា ៖ មានអ្នកឆ្លងថ្មី ១៣០០នាក់ ក្នុងរយៈពេល មួយថ្ងៃ គឺធ្លាក់ចុះ ដល់ទៅ៥០ភាគរយ។ កាលពីខែមីនា គឺជាពេលវេលាដែលអ៊ីរ៉ង់មានអ្នកឆ្លង ច្រើនបំផុត។
គិតតាំងពីព្រឹកថ្ងៃទី១៩ខែមេសា រដ្ឋធានីតេអុីរ៉ង់ ចាប់ផ្តើមមានមនុស្សកុះករឡើងវិញបន្ទាប់ពីហាង លក់ទំនិញផ្សេងៗចាប់ផ្តើមបើកទ្វារ ។ តាមការប្រកាសរបស់រដ្ឋាភិបាល បណ្តាហាងលក់ទំនិញ ក្រុមហ៊នតូច និងមធ្យម ចាប់ផ្តើមបើកទ្វារដំណើរការឡើងវិញ លើកលែងតែ មជ្ឈមណ្ឌុលផ្សារទំនើប រោងភាពយន្ត កន្លែងហាត់ប្រាណ…នៅបន្តបិទទ្វារដដែល។
រដ្ឋាភិបាលអ៊ីរ៉ង់ បានបញ្ជាក់ថា ៖ ប្រសិនបើ អូសបន្លាយពេលវេលាថែមទៀត នឹងមានពលរដ្ឋយ៉ាងតិច៤លាននាក់អត់ការងារធ្វើ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ៕
ដោយ៖ ធី រីណា