ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម បន្ទាប់ពីបុរសរូបនេះត្រូវរថយន្តម៉ាកហ្វត របស់ក្រុមហ៊ុនដឹកអ្នកដំណើរធីសុជាតា បើកបោះពួយបុកពេញមួយទំហឹង ខណៈកំពុងជិះម៉ូតូឆ្លងផ្លូវ ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តក្រុមហ៊ុនដឹកអ្នកដំណើរខាងលើនេះបានរត់គេចខ្លួនបាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤២-៤៣ ស្ថិតក្នុងភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ពៅ ពិសិដ្ធ អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ជិះម៉ូតូម៉ាកហុងដាMSX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FI-0294 ។ ចំនែកឯរថយន្តម៉ាកហ្វត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខលេខភ្នំពេញ2Q-0099 ជារថយន្តរបស់ក្រុមធីសុជាតាដឹកអ្នកដំណើរ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍សាក្សីបានឃើញជនរងគ្រោះបើកម៉ូតូម៉ាកហុងដាMSXឆ្លងកាត់ផ្លូវជាតិលេខ៨ ខណៈកំពុងឆ្លងមិនទាន់ផុតផងនោះក៏ត្រូវរថយន្តម៉ាកហ្វតបើកមកពីភ្នំពេញឆ្ពោះទៅខេត្តរតនៈគីរីបុកចំទទឹងម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកខ្សាច់កណ្តាល បានចុះទៅធ្វើការវាស់វែងដកហូតមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយភាគីម៉ូតូហុងដាMSXបើកឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរថយន្តបើកលើផ្លូវអទិភាពបុកពេញមួយទំហឹងស្លាប់យ៉ាងដូច្នេះ ៕
ដោយ៖ ស្អាងជ័យ