ខេត្តបាត់ដំបង៖អាជីវកម្មបំផ្ទុះយករ៉ែមាសអាណាធិបតេយ្យនៅចំណុចភ្នំព្រឹក ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំភ្នំ ព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវប្រជាពលរដ្ឋរាយការណ៍នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ឱ្យដឹងថា នៅតែបន្តធ្វើសកម្មភាពជាដដែល ទោះបីអាជ្ញាធរខេត្តបាត់ដំបង ដែលមានគណៈកម្មាការចម្រុះ បានចុះទៅត្រួតពិនិត្យនិងហាមឃាត់ក៏ដោយ។
សូមបញ្ជាក់ថាគណៈកម្មការចម្រុះរបស់សាលាខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ បានចុះទៅត្រួតពិនិត្យស្ថានភាពនៃការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់របស់ក្រុមអាណាធិបតេយ្យដែលមានប្រើប្រាស់គ្រឿងរំសេវបំផ្ទុះយកថ្មរ៉ែមាសជាលក្ខណៈទ្រង់ទ្រាយធំបង្កឱ្យមានការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងទំបន់នោះហើយធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកបានធ្វើការផ្សព្វផ្សាយពីសកម្មភាពរបស់ក្រុមអាណាធិបតេយ្យយករ៉ែមាសនៅចំណុចភ្នំព្រឹក។គ្រឿងចក្រដែលចូលទៅធ្វើសកម្មភាពជីកកកាយយករ៉ែត្រូវគេរាយការណ៍ឱ្យដឹងថាបានដកថយទៅវិញហើយ មុននិងគណៈកម្មការចម្រុះរបស់ខេត្តបានចោះទៅដល់នោះ។
ជុំវិញបញ្ហាដែលគណៈកម្មការខេត្តបាត់ដំបងចុះទៅត្រួតពិនិត្យអាជីវកម្មរ៉ែអាណាធិបតេយ្យ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបងលោក អ៊ាន មាឃ បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៤ ខែមករា នេះថា លោកកំពុងតែពិនិត្យលើរបាយការណ៍របស់ គណៈកម្មការចម្រុះខេត្តចុះទៅត្រួតពិនិត្យនៅចំណុចភ្នំព្រឹកនោះ។លោកនិងរាយការណ៍ទៅអភិបាលខេត្តថាតើអាជ្ញាធរខេត្តត្រូវមានវិធានការបែបណាចំពោះអាជីវកម្មរ៉ែមាសអាណាធិបតេយ្យនោះ។
លោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តប្រាប់ឱ្យដឹងទៀតថា អាជីវកម្មរ៉ែមាសអាណាធិបតេយ្យមួយកន្លែងគឺមានអ្នកមានអំណាចយោធាពាក់សក្តិយសថ្នាក់ឧត្តមសេនីយ៍ កាងនៅពីខ្នង ធ្វើឱ្យមន្ទីរជំនាញពិបាកនិងមានវិធានការ។ពាក់ព័ន្ធនិងការប្រើរំសេវបំផ្ទុះយកថ្មរ៉ែមាស នោះគេមានច្បាប់អនុញ្ញាតដោយអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ ឱ្យប្រើរំសេវបំផ្ទុះថ្មសម្រាប់សម្ភារៈសំណង់ប៉ុណ្ណោះ តែធាតុពិតគេបានច្បាប់នោះកាន់និងដៃហើយធ្វើការបំផ្ទុះយករ៉ែមាសទៅវិញ។
សូមរំលឹកថាអាជីវកម្មរ៉ែមាសអាណាធិបតេយ្យនៅភ្នំព្រឹកត្រូវប្រជាពលរដ្ឋនិយយាយថាបានធ្វើឡើងជាយូរឆ្នាំមកហើយពីមុនគ្រាន់តែធ្វើការជីកដោយប្រើប្រាស់ម៉ាស៊ីន ឥឡូវនៅកន្លែងមួយចំនួនបានប្រើប្រាស់គ្រោះងចក្រទៀតផង។ក៏ប៉ុន្តែគ្រឿងចក្របានដកថយវិញបន្ទាប់ពីមានការផ្សព្វផ្សាយរបស់សារព័ត៌មានលិចឮដល់ថ្នាក់ដឹកនាំខេត្តនិងក្រសួងរ៉ែនិងថាមពល។ការគ្រប់គ្រងនៃការធ្វើអាជីវីកម្មរ៉ែមាសមិនបានត្រឹមត្រូវគេនិយាយថាធ្វើបាត់បង់ធនធានរ៉ែមាសដែលជាសម្បត្តិដ៏មហាសាលរបស់រដ្ឋកំពុងរងការវិនាសហិចហោច បើគ្មានការទប់ស្កាត់ពីអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធនោះទេ។សកម្មភាពធ្វើអាជីវកម្ម បានយ៉ាងរលូនបែបនេះដោយគេដាក់ការសង្ស័យថាទំនងអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធមានការឃុបឃិតគ្នាទើបអាជីវកម្មរ៉ែមាសដំណើរការទៅគ្មានឧបសគ្គកើតឡើង។កន្លងមកក្រសួងរ៉ែនិងថាមព លក៏បានអំពាវនាវឱ្យក្រុមឈ្មួញទាំងនោះបញ្ឆប់បណ្តោះអាសន្នដើម្បីរងចាំបង្កើតសហគមន៍សុំច្បាប់ធ្វើអាជីវកម្មនោះសិនក៏ប៉ុន្តែការអ្វីជាការអំពាវនាវរបស់ក្រសួងរ៉ែនិងថាមពលនោះមិនត្រូវបានក្រុមឈ្មួញអនុវត្តតាមនោះឡើយពោលគេរិតតែធ្វើសកម្មភាពកាន់តែខ្លាំងឡើងឈានដល់ប្រើរំសេវបំផ្ទុះនិងប្រើគ្រឿងចក្រទៀតផង ។ការបំផ្ទុះយកថ្មរ៉ែមាសនៅចំណុចភ្នំព្រឹករបស់ក្រុមអាណាធិបតេយ្យនោះដែរកន្លងមកត្រូវគេរាយការណ៍ឱ្យដឹងថាបានបង្កឱ្យកម្មករស៊ីឈ្នួលធ្វើអាជីវកម្មរ៉ែមាសនោះ រងការស្លាប់និងរងរបួសជាបន្តបន្ទាប់ នៅពេលការបំផ្ទុះខុសបច្ចេកទេសផ្ទុះថ្មខ្ទាតត្រូវ៕សំ វិច្ឆិកា
អាជីវកម្មបំផ្ទុះយករ៉ែមាសអាណាធិបតេយ្យនៅភ្នំព្រឹកនៅតែបន្តសកម្មភាពទោះបីគណៈកម្មាការចម្រុះរបស់សាលាខេត្តបាត់ដំបងចុះទៅហាមឃាត់ក៏ដោយ