គយចល័តខេត្តបាត់ដំបងបង្រ្កាបម៉ូតូគេចពន្ធ២២គ្រឿងដែលដាក់តាំងលក់ក្នុងក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖​គយចល័យ ប្រចាំខេត្តបាត់ដំបង សហការជាមួយកងកម្លាំងរាជអាវុធហត្ថ និងនគរបាល ខេត្តដឹកនាំដោយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង​បានចុះទៅត្រួតពិនិត្យតាមស្តង់លក់ម៉ូតូក្នុងក្រុងបាត់ដំបង​កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ​សរុបចំនួន១២ស្តង់ ។នៅពេលនោះសមត្ថកិច្ចចម្រុះរកឃើញម៉ូតូតំនើបចំនួន២២គ្រឿង គ្មានបង្កាន់ដៃបង់ពន្ធខុសច្បាប់ ហើយចាប់បញ្ចូនម៉ូតូទាំង២២គ្រឿងនោះយកមកស្នាក់ការគយចល័ត នៅខេត្ត បាត់ដំបង ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបង់ពន្ធចូលរដ្ឋ។វិធានការបង្រ្កាបម៉ូតូគេចពន្ធខុសច្បាប់ ពីសំណាក់គយ ចល័យ ធ្វើឡើងត្រូវគេមើលឃើញថាដើម្បីទប់ស្កាត់ និងបង្រ្កាបរាល់អំពើគេចពន្ធ ខុសច្បាប់ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែ ដាក់ចេញនូវវិធានការក្តៅគគុក ក្នុងការរិតបន្តឹងរាល់អំពើគេចពន្ធខុសច្បាប់​ ដើម្បីប្រមូលពន្ធចូលរដ្ឋ បង្កើនសេដ្ឋកិច្ចជាតិកើនឡើងសម្រាប់ផ្គត់ផ្គង់ និងតំឡើងប្រាក់ខែជូនដល់មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ ។
​លោក ពុធ សុខា ប្រធានការិយាល័យក្រុមគយចល័តប្រចាំការផ្លូវជាតិលេខ៥ បានប្រាប់ឱ្យដឹងថា ​កន្លងមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានធ្វើសេចក្តីជូនដំណឹងរយៈពេល៦ខែមកហើយដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់យានយន្តគ្រប់ប្រភេទមិនទាន់បង់ពន្ធនាំចូល ត្រូវតែចូលខ្លួនមកបង់ពន្ធ ដោយស្ម័គ្រចិត្ត គ្មានការផាកពិន័យនោះទេ។ក្រោយពីមានការផ្សព្វផ្សាយជូនដំណឹងរហូតមកដល់ពេលនេះផុតឱសានវាទ គយក៏បានចាប់ផ្តើមចុះមានវិធានការចាប់ពីពេលនេះតែងម្តង។

​លោកបានប្រាប់ឱ្យដឹងទៀតថា ម៉ូតូដែលបង្រ្កាបបានទាំង២២គ្រឿងខាងលើ និងតម្រូវ ម្ចាស់ចូលខ្លួន បង់ពន្ធនិងផាកពិន័យតាមច្បាប់។ម៉ូតូគេចពន្ធខុសច្បាប់នោះដែរភាគច្រើនត្រូវបានឈ្មួញនាំចូលតាមច្រករបៀងព្រំដែនកម្ពុជា ថៃ លួចលាក់គេចពីសមត្ថកិច្ចជាហេតុធ្វើឱ្យសមត្ថកិច្ចពិបាកនិងធ្វើការទប់ស្កាត់។

​ លោក ពុធ សុខា ប្រធានការិយាល័យក្រុមគយចល័តប្រចាំការផ្លូវជាតិលេខ៥​ប្រាប់ឱ្យដឹងទៀតថា កន្លងមកសមត្ថកិច្ចជំនាញបានធ្វើការផ្សព្វផ្សាយច្បាប់ដល់អាជីវករប្រកបមុខរបរដែលធ្វើអាជីវកម្មលក់ម៉ូតូ និងរថយន្តក្តី កុំឱ្យទិញម៉ូតូនិងរថយន្តគេចពន្ធខុសច្បាប់យកមកលក់។ក៏ប៉ុន្តែមានអាជីវករមួយចំនួនតូចបានទិញលួចលាក់ហើយយកមកដាក់តាំងលក់ខុសច្បាប់ ។មន្រ្តីជំនាញគយនិងមានវិធានការបង្រ្កាបទៅលើរថយន្តនិងម៉ូតូគេចពន្ធខុសច្បាប់បន្តទៀត ដើម្បីឱ្យប្រមូលពន្ធចូលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់៕សំ វិច្ឆិកា 

...

    
  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print