ខេត្តមណ្ឌលគិរី៖ ដំរីព្រៃឈ្មោលមួយក្បាលចុះប្រេងកំពុងធ្វើសកម្មភាពអុកឡុក នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋអ្នកស្រុក។
លោក ភី ងូក ឮជនជាតិភ្នង និងជាចៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បាននិយាយថា មានសត្វដំរីព្រៃឈ្មោល មួយក្បាលចុះប្រេង មកដោយញីឈ្មោលជាមួយដំរីញីស្រុក នៅភូមិឃុំខាងលើ រយៈពេល២ថ្ងៃ ហើយបង្កការភ័យខ្លាចដល់អ្នកស្រុក អ្នកភូមិយ៉ាងខ្លាំង។
មូលហេតុនៃការភ័យខ្លាចដំរីចុះប្រេងរបស់អ្នកស្រុកភូមិ លោកចៅសង្កាត់ បានអះអាងថា ដោយសារកាលឆ្នាំមុនៗជាញឹកញាប់ មានករណីដំរីស្រុកចុះប្រេង ដោយញីឈ្មោល បានសម្លាប់មនុស្សក្នុងភូមិផងដែរ។
លោកបានបន្តថា ជាទូទៅដំរីស្រុកឈ្មោល នៅពេលនៅពេលចុះប្រេងម្តងៗ វាមានចរិតកាចខ្លាំងណាស់ ចុះទម្រាំដំរីព្រៃឈ្មោលចុះប្រេងអាចកាចខ្លាំងជាងដំរីស្រុក។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កំពុងបញ្ជាឲ្យមន្រ្តីបរិស្ថានខេត្តចុះទៅទីតាំងខាងលើ ដើម្បីធ្វើការចាត់ការតាមបច្ចេកកទេសជំនាញរបស់ខ្លួន ធ្វើយ៉ាងណាការពារសុខសុវត្ថិភាព ប្រជាពលរដ្ឋក្នុងភូមិកុំឲ្យមានគ្រោះថ្នាក់។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏កំពុងបញ្ជាឲ្យមន្រ្តីរបស់ខ្លួនចុះទៅគោលដៅ និងទីតាំងខាងលើដើម្បីចាត់ការទៅតាមបច្ចេកទេសជំនាញផងដែរ៕
ដោយ៖ ហេង សូរិយា