ភ្នំពេញ ៖ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ ដោយសារមរណភាពជនរងគ្រោះ (ប្រើដំបងគល់ឫស្សីវាយ បណ្តាលឲ្យស្លាប់) នៅមុខផ្ទះគ្មានលេខ ភូមិកោះក្របី សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៤ ខែ មេសា ឆ្នាំ ២០២០ នៅវេលាម៉ោង១៩។
ជនរងគ្រោះឈ្មោះប៉ោ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិកើតហេតុ។
ជនសង្ស័យឃាត់ខ្លួន ឈ្មោះសុង ប្រុសនាង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិកើតហេតុ។
ហេតុការណ៍នេះ កើតឡើងមុនពេលកើតហេតុជនរងគ្រោះ ផឹកស្រាស្រវឹង ស្រែកជេរឡូឡា រឿងបាត់នំនៅលើរានទេវតាមុខផ្ទះ (ចំណុចកើតហេតុ) រួចឈ្មោះណាង សុផល ជាអ្នក រស់នៅជិតខាងគ្នា បានឆ្លើយថា គ្មានអ្នកណា លួចនំអ្ហែងទេ? ហើយក៏មានទំនាស់ពាក្យសម្តីគ្នា បន្ទាប់មកឈ្មោះណាង សុផល ក៏ដើរចេញទៅ ពេលនោះក៏មានជនសង្ស័យ ០២នាក់ ឈ្មោះសុង ប្រុសនាង និងឈ្មោះ ឌីជេ (ប្តី និងប្អូនថ្លៃឈ្មោះណាង សុផល) ដែលកំពុងអង្គុយផឹកស្រានៅក្បែរនោះ បានស្រែកថា កុំឡូឡាខ្លាំងពេកថ្លង់ណាស់! ជនរងគ្រោះខឹងក៏ស្ទុះទៅវាយជនសង្ស័យឈ្មោះសុង ប្រុសនាង មួយដៃចំមុខ និងយក ដំបងគល់ឫស្សីវាយទៅលើជនសង្ស័យថែមទៀត ពេលនោះជនសង្ស័យឈ្មោះសុង ប្រុសនាង ចាប់ដំបង បានវាយទៅលើជនរងគ្រោះវិញជាច្រើន ដំបងចំក្បាលបែកឈាមដួលទៅលើដី រួចជនសង្ស័យឈ្មោះឌីជេ ចូលមកវាយជនរងគ្រោះថែមទៀត រួចនាំគ្នារត់គេចខ្លួន យកដំបងគល់ឫស្សី បោះចោលក្នុងព្រៃបាត់។
បន្ទាប់មកជនរងគ្រោះក៏ងើបដើរទៅដេកនៅផ្ទះ។ លុះដល់ព្រឹកឡើងថ្ងៃទី១៥-០៤-២០២០ បងស្រីជនរងគ្រោះមកឃើញជនរងគ្រោះដេកសន្លប់ពុំដឹងខ្លួន ក៏នាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រហូតដល់ម៉ោង១៤និង០០នាទី ជនរងគ្រោះទទួលមរណៈភាព។
លុះដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ម៉ោង១២ និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយសមត្ថកិច្ចនគរបាលក្រុងតាងខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ឈ្មោះសុង ប្រុសនាង នៅភូមិដំណាក់ សង្កែ សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅចាត់ការតាមច្បាប់៕