ខ្សឹបដាក់ត្រចៀក៖ ត្រពាំងបុរាណនិងព្រៃលិចទឹកនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវឈ្មួញទន្ទ្រានកាន់កាប់

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ត្រពាំងបុរាណឈ្មោះត្រពាំងក្រុះ និងព្រៃលិចទឹកជុំវិញត្រពាំងត្រូវបុគ្គលឈ្មោះ ភា ឈូសឆាយទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិយ៉ាងរលូន។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ លើសនេះទៅទៀតអាជ្ញាធរអប្សរា មិនគួរបណ្តែតបណ្តោយឲ្យឈ្មួញឈ្មោះ ភា ទន្ទ្រានកាន់កាប់ត្រពាំងបុរាណឈ្មោះ ត្រពាំងក្រុះ នៅក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្រេចតែអំពើចិត្តឡើយ។

តាមការអះអាងពីប្រជាពលរដ្ឋបានឲ្យដឹងថា ត្រពាំងក្រុះខាងក្រោមទំនប់៧៨ និងព្រៃលិចទឹកជុំវិញមាត់ត្រពាំងត្រូវបានបុគ្គលឈ្មោះ ភា ប្រើគ្រឿងចក្រឈូសឆាយជីកកកាយ ហើយសាងសង់ខ្ចូសសម្រាប់ជួលជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងកំរោល។ ប្រជាពលរដ្ឋសង្ស័យថា មានការឃុបឃិតពីសំណាក់មន្ត្រីអាជ្ញាធរមូលដ្ឋានសង្កាត់ជ្រាវ​ និងមន្ត្រីអាជ្ញាធរក្រុងសៀមរាប ផងដែរទើបបុគ្គលឈ្មោះ ភា អាចទន្ទ្រានកាន់កាប់ត្រពាំងក្រុះ ដែលជាត្រពាំងបុរាណយកធ្វើជាកម្មសិទ្ធិយ៉ាងរលូន។ ជាងនេះទៅទៀតមន្ទីរពាក់ព័ន្ធក្នុងខេត្តសៀមរាប បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ក្នុងខណៈដែលបុគ្គលឈ្មោះ ភា ទន្ទ្រានកាន់កាប់ត្រពាំងក្រុះជាស្ថាពរទៅហើយ។

ប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ អំពាវនាវឲ្យលោគ ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក នួន​ ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គលឈ្មោះ ភា ជាបន្ទាន់។ ជាពិសេសលោក ទៀ សីហា និងលោក នួន ពុទ្ធារ៉ា គួរវែកមុខមន្ត្រីដែលឃុបឃិតឲ្យបុគ្គលឈ្មោះ ភា ទន្ទ្រានកាន់កាប់ដីត្រពាំងបុរាណឈ្មោះ ត្រពាំងក្រុះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដើម្បីជាការព្រមានផងដែរ។ ប្រជាពលរដ្ឋបានលើកឡើងថា ត្រពាំងក្រុះ គឺជាត្រពាំងបុរាណដែលត្រូវអភិរក្សសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ​ ដូច្នេះមន្ត្រីអាជ្ញាធរខេត្តសៀមរាប ក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធ មិនគួរបណ្តោយឲ្យបុគ្គលឈ្មោះ ភា ទន្ទ្រានកាន់កាប់ជាកម្មសិទ្ធិបែបនេះទេ៕

...

ដោយ៖ ខ្សឹបដាក់ត្រចៀក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print