ខេត្តឧត្តរមានជ័យ៖ ពលករខ្មែរធ្វើការស៊ីឈ្នួលតាមទីកន្លែងនានានៅប្រទេសថៃ នៅតែបន្តវិលមកស្រុកបន្តបន្ថែមទៀត តាមច្រកទ្វារព្រំដែនអន្តរជាតិឆងចម ខេត្តសុរិន្ទ- អូរស្មាច់ខេត្តឧត្តរមានជ័យ ។ ពលករទាំងនោះ មានទីកន្លែងកំណើតនៅតាមបណ្តាខេត្តទីទៃពីគ្នា ។
គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រមគ្រូពេទ្យនឹងមន្ត្រីចត្តាឡីស័កប្រចាំនៅច្រកនោះ ក៏បានបន្តស្កែន និងឆ្លុះកំដៅពួកគេ ដើម្បីបង្ការការពារសុខភាព ពិសេសសជំងឺកូវីដ-១៩ ។
សម្រាប់អ្នកសង្ស័យត្រូវដាក់ឲ្យនៅដាច់ដោយឡែករយះពេល១៤ថ្ងៃ ។
លោកវេជ្ជបណ្ឌិត ឈ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីជំនាញ ធ្វើការងាររបស់ខ្លួន ស្របតាមសភាពការណ៍ ទំហំការងារតម្រូវ និងតាមការណែនាំរបស់ថ្នាក់លើ ។
សូមរំលឹកថា នៅច្រកព្រំដែនអន្តរជាតិឆងចម – អូរស្មាច់ នៅមានពលករខ្មែរ ដែលអាជ្ញាធរថៃបញ្ជូន និងអនុញ្ញតឲ្យវិលមកប្រទេសកម្ពុជាវិញ រាប់សិននាក់ក្នុងមួយថ្ងៃៗ ។
សូមបញ្ជាក់ថា ថៃ កំពុងដាក់ប្រទេសក្រោមច្បាប់គ្រាអាសន្ន ហើយបានបិទកម្លែងធ្វើការ ការដ្ឋាន ផ្សារ ទីឯកជន ទីសាធារណៈនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ។ហេតុនេះហើយ ក៏នាំឲ្យបាត់បង់កន្លែងធ្វើការទាំងពលរដ្ឋថៃ និងពលករបរទេសរាប់សែនកន្លែង ។
ក្នុងនោះ ពលករខ្មែរជាង៨ម៉ឺននាក់បានវិលមកប្រទេស ។
នៅខេត្តឧត្តរមានជ័យ មានជាង១ម៉ឺននាក់ នៅខេត្តបន្ទាយមានជ័យ មានជាង២៣.០០០នាក់ ។ មកទល់ថ្ងៃនេះ ប្រតិភូពីខេត្តនានា ក៏បន្តទៅរង់ចាំទទួលពលករ ដែលជាពលរដ្ឋមានលំនៅនៅខេត្តខ្លួន ហើយនាំមកត្រួតពិនិត្យសុខភាពនៅមណ្ឌលចត្តាឡីស័កកម្រិត២ និងមណ្ឌលត្រួតពិនិត្យសុខភាពថ្នាក់ខេត្តនីមួយៗ ៕
ដោយ៖ ហេងសុរិយា