កម្មវិធី Messenger Kids បានធ្វើការពង្រីកសេវាកម្មរបស់ខ្លួនទៅ៧០ប្រទេសផ្សេងទៀត និងបន្ថែមមុខងារថ្មីៗ

ចែករំលែក៖

ភ្នំពេញ៖ Messenger Kids គឺជាកម្មវិធីបង្កើតឡើងសម្រាប់កុមារ ដើម្បីជួយឱ្យកុមារភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ក៏ដូចជាក្រុមគ្រួសារតាមរយៈអនឡាញក្នុងការជជែកគ្នានិង ផ្ញើសារជាវីដេអូ ប៉ុន្តែអ្វីដែលល្អនោះគឺ ឪពុកម្តាយអាចគ្រប់គ្រងការប្រើប្រាស់កម្មវិធីនេះបាន។

ខាងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា៖ បច្ចុប្បន្នដោយសារតែមានការរីករាលដាលនៃការឆ្លងនៃជំងឺ COVID-19 បានធ្វើឱ្យសាលារៀនបិទទ្វារ ផ្អាកការបង្រៀន ព្រមទាំងមានការដាក់វិធានការរក្សារគម្លាតនៅឆ្ងាយពីគ្នា ដែលនាំឱ្យក្មេងៗមិនបានជួបជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ហេតុដូច្នេះហើយទើបឪពុកម្តាយទាំងអស់បានងាកទៅរកបច្ចេកវិទ្យាដើម្បីជួយកូនៗរបស់ពួកគាត់ដែលកំពុងប្រឈមនឹងបញ្ហាទាំងនេះ។ ដោយមើលឃើញពីតម្រូវការនេះហើយ ទើបក្រុមហ៊ុនហ្វេសប៊ុក បានដាក់ឱ្យប្រើប្រាស់កម្មវិធី Messenger Kids នៅជាង ៧០ប្រទេសនៅជុំវិញពិភពលោកទៀត រួមទាំងកម្ពុជាយើង ដើម្បីពង្រីកទីផ្សាររបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏បានបន្ថែមមុខងារថ្មីៗមួយចំនួន សម្រាប់ឪពុកម្តាយគ្រប់គ្រងតាមដានការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិរបស់កូនៗគេ មានដូចជា៖
• ការជ្រើសរើសមិត្តភក្តិ- ឪពុកម្តាយអាចកំណត់ឱ្យកូនៗធ្វើការជ្រើសរើសមិត្តភក្តិរបស់ខ្លួនដោយខ្លួនឯងបាន ក៏ប៉ុន្តែវានឹងជូនដំណឹងទៅឪពុកម្តាយតាមរយៈការផ្ញើសារ ហើយពួកគេក៏អាចធ្វើការបដិសេធរាល់ការភ្ជាប់ថ្មីនេះ ដោយក្រាន់តែចូលទៅកាន់ផ្ទាំងដែលគ្រប់គ្រងដោយឪពុកម្តាយ។ ឪពុកម្តាយអាចគ្រប់គ្រងបានថាតើកូនៗរបស់ពួកគេធ្វើសកម្មភាពអ្វីខ្លះនៅក្នុងកម្មវិធី និងអាចទាញយកព័ត៌មានរបស់កូនៗបានគ្រប់ពេល។
• ការបង្កើតក្រុមសម្រាប់កុមារ- ឪពុកម្តាយតែងតែអនុញ្ញាតឱ្យគ្រូៗ ជួយកូនរបស់ពួកគេក្នុងការរៀនសូត្រក្នុងថ្នាក់ មុខងារថ្មីនេះផ្តល់ឱ្យឪពុកម្តាយនូវជម្រើសដើម្បីអនុម័តមនុស្សពេញវ័យណាម្នាក់ ដើម្បីជួយភ្ជាប់កូនរបស់ពួកគេជាមួយក្មេងៗផ្សេងទៀតតាមរយៈក្រុម ដើម្បីពួកគេអាចចូលរួមក្នុងកម្មវិធីសកម្មភាពផ្សេងៗទៀត។
• ជួយកុមារអាចភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិកាន់តែច្រើន- ងាយស្រួលសម្រាប់កុមារក្នុងការស្វែងរកនិងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិច្រើនទៀត ដោយឪពុកម្តាយរបស់ពួកគេ អាចបើកប្រូហ្វាល់ (profile) កូនៗគេជាចំហដើម្បីឱ្យមិត្តភក្តិគេមើលឃើញ។

សូមបញ្ជាក់ផងដែរថា មុខងារថ្មីៗខាងលើនេះកំពុងដាក់ឱ្យប្រើប្រាស់សាកល្បងនៅ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនប៉ុណ្ណោះ សម្រាប់ប្រទេសកម្ពុជាយើង នឹងមានក្នុងពេលឆាប់ៗខាងមុខនេះ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print