ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយចងកទៅនឹងធ្នឹមផ្ទះ ព្រោះតែតូចចិត្តនឹងជីវិតដែលមានជំងឺប្រចាំកាយ ពុំមានលទ្ធភាពព្យាបាលជំងឺ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នៅភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា បុរសដែលធ្វើអត្តឃាតខ្លួនឯងនេះឈ្មោះយ៉ស់ សារ៉ន អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ។ បុរសនេះមានជំងឺប្រចាំកាយ ដែលជាជំងឺ សៃប្រសាទ ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុ នៅផ្ទះម្នាក់ឯង ចំណែកឯប្រពន្ធនិងកូនបានទៅស៊ីឈ្នួលច្រួចសណ្តែកអោយគេបាត់អស់ពីផ្ទះ ។ ដោយសារតែខ្វល់ពីជំងឺ និង តូចចិត្តនឹងជីវិតក្រីក្រ ឃើញអង្គុយសញ្ជក់សញ្ជឹងម្នាក់ឯង រហូតគិតខ្លីយកខ្សែចង.កនឹងធ្នឹមផ្ទះ ដោយពុំមានអ្នកណាដឹងរហូតដល់ស្លាប់តែម្តង ។
ប្រភពបានអោយដឹងថា លុះដល់វេលាកើតហេតុ ប្អូនថ្លៃបានដើរមកផ្ទះបុរសនេះ ក៍ប្រទះឃើញសពបុរសនេះបានចង.កស្លាប់បាត់ទៅហើយ និងបានហៅអ្នកស្រុកអោយមកជួយមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចអោយចុះមកពិនិត្យសាកសព ។
ក្រោយពីពិនិត្យសាកសព សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា បុរសរូបនេះពិតជាចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមែនជាករណីឃាតកម្មនោះទេ ។ ក្រោយពីពិនិត្យសាកសពរួចរាល់សមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ចន្ថា