COVID-19 បានសម្លាប់មនុស្សជាង ២០​ម៉ឺន​នាក់​ លើ​ពិភពលោក​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមការចេញផ្សាយ​របស់​វែបសាយ Worldometer គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា តួលេខចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​ សរុប បាន​កើន​ជាង ២០​ម៉ឺន​នាក់ ខណៈ​ករណី​ឆ្លង​មាន​ជិត ៣​លាន​ករណីហើយ ​។

​គួរជម្រាបថា ចាប់តាំងពី​មាន​វត្តមាន​រយៈពេល​ជាង ៤​ខែ​កន្លងមកនេះ COVID-19 បានចាប់ផ្តើម​អុកឡុក​នៅ​ប្រទេស​ចិន និង​កូរ៉េខាងត្បូងបន្ទាប់មក​ទៅ​អឺរ៉ុប និង​អាមេរិក ហើយ​ពេលនេះ កំពុងតែ​វាយប្រហារ​លើ​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ី ដូចជា​ជប៉ុន សិង្ហ​បុរីឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រទេស និង​តំបន់​ច្រើនជាង​២១០ សុទ្ធ​តែមាន​ករណី COVID-19​។

​គិត​មក​ត្រឹម​ពេលនេះ ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បានសម្លាប់​មនុស្ស​ចំនួន​ជាង ២០​ម៉ឺន​នាក់​ហើយ ខណៈ​ករណី​ឆ្លង​មាន​ចំនួន​ជិត ៣​លាន​ករណីនិង​អ្នកជា​សះស្បើយ​មាន​ចំនួន ៨៣​ម៉ឺន​ករណី​។ ប្រទេស ដែលមាន​អ្នកស្លាប់​ច្រើនជាងគេ គឺ​ចេញពី​អាមេរិក និង​បណ្តា​ប្រទេស​អឺរ៉ុប​។ ក្នុងនោះ​មានដូចជា អាមេរិក (​លេខ​១) មាន​ចំនួន​ជាង ៥​ម៉ឺន​នាក់​, អ៊ីតាលី​(​លេខ​២) មាន​ប្រមាណ ២៦០០០​នាក់​, អេ​ស្ប៉ា​ញ (​លេខ​៣) មាន​ចំនួន២២៩០២​នាក់ បារាំង​(​លេខ​៤) មាន​ចំនួន ២២៦០៤​នាក់ និង​បណ្តា​ប្រទេស​ផ្សេងទៀត​។

​ចំណែក​នៅក្នុង​តំបន់​អាស៊ាន​វិញ ប្រទេស​មាន​អ្នកស្លាប់​ច្រើនជាងគេ​គឺ ឥណ្ឌូណេស៊ី​(​លេខ​១) មាន​ចំនួន ៧២០​នាក់​, ហ្វីលីពីន​(​លេខ​២) មាន​ចំនួន ៤៩៤​នាក់​, ម៉ាឡេស៊ី​(​លេខ​៣) មាន​ចំនួន ៩៨​នាក់​, ថៃ​(​លេង​៤) មាន​ចំនួន ៥១​នាក់​, សិង្ហ​បុរី​(​លេខ​៥) មាន​ចំនួន ១២​នាក់​, មី​យ៉ាន់​ម៉ា​(​លេខ ៦) មាន​៥​នាក់​, ព្រុយ​ណេ​(​លេង​៧) មាន​១​នាក់ ខណៈពេល កម្ពុជា​, វៀតណាម និង​ឡាវ មិនទាន់មាន​ករណី​ស្លាប់នោះទេ​ ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print