ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យនិងបក្ខពួកជិះម៉ូតូពីភ្នំពេញបម្រុងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល កាលពីវេលាម៉ោង១ និង៤៥នាទីទាបភ្លឺ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ឃិន ស៊ីណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា នៅវេលាទាបភ្លឺប្រជាពលរដ្ឋនៅភូមិទួលអំពិល ឃុំ/ស្រុកពញាឮ បានប្រទះឃើញជនសង្ស័យខាងលើនេះនិងបក្ខពួកជិះម៉ូតូឌុបគ្នាចុះឡើងតាមដងផ្លូវសាធារណៈគួរឲ្យសង្ស័យ ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ ។ ភ្លាមៗនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ ខណៈដែលជនសង្ស័យម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ជនសង្ស័យឈ្មោះ ឃិន ស៊ីណា បានសារភាពថា នៅមុនពេលកើតហេតុរូបគេ និងបក្ខពួកបានជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងឌុបគ្នាពីភ្នំពេញឆ្ពោះចូលមកស្រុកពញាឮ ដើម្បីធ្វើសកម្មភាពដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ខណៈមិនទាន់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋផងក៏ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនតែម្តង ៕
ដោយ៖ ស្អាងជ័យ