ម៉ាស់​​ជាង​៨៩​លាន​សន្លឹកគ្មាន​គុណភាព​ ត្រូវអាជ្ញាធរចិនរឹបអូស ក្រោយត្រួតពិនិត្យ​កន្លែង​អាជីវកម្ម

ចែករំលែក៖

ប្រទេសចិន៖ ខណៈដែល​ជំងឺ COVID-19 បាន​ចម្លង​ទៅកាន់​មនុស្ស​ជាង​២,៩​លាន​នាក់​ ជាច្រើនប្រទេសនៅ​ជុំវិញ​ពិភពលោក និងមាន​តម្រូវការ​ចាំបាច់សម្រាប់ឧបករណ៍​ការពារ​ខ្លួន​ ដែល​រួមមាន​ម៉ាស់​ផងនោះ ហើយ​ប្រទេស​ទាំងអស់ បាន​ងាក​ទៅរកប្រទេស​ចិន​ ដើម្បី​បញ្ជា​ទិញ​ឧបករណ៍​ទាំងអស់នោះ ។ ប៉ុន្តែ​គេ​ឃើញ​មានការ​ត្អូញត្អែរថា ​ម៉ាស់ និង​ឧបករណ៍​ដទៃទៀត​ដែល​នាំចូល​ពី​ចិន ​មិនអាច​ប្រើការ​បានជាពិសេស​ឧបករណ៍​ សម្រាប់​ប្រើ​ឲ្យ​បុគ្គលិក​ពេទ្យ និង​អ្នក​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​COVID-19នោះ ។

ជាក់ស្តែងរដ្ឋាភិបាលចិន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បាន​រឹបអូស​ម៉ាស់​គ្មាន​គុណភាព​ជាង​៨៩​លាន​សន្លឹក ក្រោយធ្វើឡើង​ស្របពេល​ចិន​ទទួលរង​ការរិះគន់​យ៉ាងដំណំ​បន្ទាប់ពី​ផលិតផល​ម៉ាស់ និង​ឧបករណ៍​ការពារ​ខ្លួន​ដែល​នាំ​ចេញទៅ​ជុំវិញ​ពិភពលោក​មិនអាច​ប្រើការ​បាន ឬ​អន់​គុណភាព ​។​

លោកស្រី Gan Lin អគ្គនាយករង រដ្ឋបាល​រដ្ឋ​នៃ​បទបញ្ញត្តិ​ទីផ្សារ បាននិយាយ​នៅក្នុង​សន្និសីទ​សារ​ព័​ត៌មានថា ត្រឹម​ថ្ងៃទី​២៥ ខែមេសានេះចិន​បាន​ត្រួតពិនិត្យ​កន្លែង​អាជីវកម្ម​ចំនួន​១៦​លាន​ទីតាំង បាន​រឹបអូស​ម៉ាស់​ចំនួន​៨៩​លាន​សន្លឹក និង​ឧបករណ៍​ការពារ​ខ្លួន​ចំនួន​៤១៨,០០០សម្រាប់​។ បន្ថែម​ពីនេះ អាជ្ញាធរ​ក៏បាន​រឹបអូស​សារធាតុ​សម្លាប់​មេរោគ ​ដែលមាន​តម្លៃ​១,១​លាន​ដុល្លារ​អាមេរិក​ផងដែរ​។​

​ក្នុង​បំណង​លុបបំបាត់​ផលិតផល​គ្មាន​គុណភាព ក្រសួងពាណិជ្ជកម្ម​ចិន នៅ​ថ្ងៃទី​២៦ ខែមេសានេះ បានចេញ​វិធាន​ដែល​តម្រូវ​ឲ្យ​ម៉ាស់ ដែល​មិន​ប្រើ​សម្រាប់​គោលដៅ​វេជ្ជសាស្ត្រ​ក៏ដោយ ត្រូវ​ស្របតាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ​។ បន្ថែម​ពីនេះ​អ្នក​នាំចេញ​ផលិតផល​ទាំងនេះ ក៏ត្រូវ​មាន​សេចក្តីប្រកាស​បង្ហាញថា ផលិតផល​ដែល​នាំចេញ ត្រូវ​តាម​លក្ខខណ្ឌ​សុវត្ថិភាព​របស់​ប្រទេស​គោលដៅ ​។​

​ការ​រឹតបន្តឹង​វិធាន​សុវត្ថិភាព ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ចិន​បែបនេះ កើតឡើង​បន្ទាប់ពី​ប្រទេសមួយ​ចំនួន​ដូចជា ​អេ​ស្ប៉ា​ញ ហូ​ឡង់ ឆែក និង​តួ​ក​គី បង្ខំចិត្ត​ប្រមូលយក​មកវិញ​នូវ​ម៉ាស់ និង​ឧបករណ៍​ការពារ​ខ្លួន ​ដែល​មិនអាច​ប្រើការ​បាន​រាប់សែន​សម្រាប់​។

​ដោយឡែករដ្ឋាភិបាល​កាណាដា កាលពី​សប្តាហ៍​មុន បាន​និយាយថា ម៉ាស់​ជាង​១​លាន​សន្លឹក​ដែល​នាំចូល​ពី​ចិន មិនអាច​បំពេញ​តាម​បទដ្ឋាន​ត្រឹមត្រូវ​ សម្រាប់​អ្ន​ជំនាញ​ថែទាំ​សុខភាព​ ។ចំណែកឯ រដ្ឋាភិបាល​ហូ​ឡង់វិញ បាន​ប្រមូល​ម៉ាស់​កន្លះ​លាន​សន្លឹក​ បន្ទាប់ពី​ម៉ាស់​ទាំងអស់នោះ​ មិនអាច​ពាក់​ត្រូវ​នឹង​មុខ ឬ​ឧបករណ៍​ចម្រោះ​របស់​ម៉ាស​មិន​ដំណើការ​។​

​យោងតាម​តួលេខ​ផ្លួ​វ​ការ ផលិតកម្ម​ម៉ាស់​នៅ​ប្រទេស​ចិន​ បាន​កើនឡើង​លើសពី​១១៦​លាន​ម៉ាស់​ក្នុង​មួយថ្ងៃ​។ ក្នុង​រយៈពេល​២​ខែ​ចុងក្រោយអាជីវកម្ម​ផលិត​ម៉ាស​ថ្មី​ មាន​ចំនួន​៨,៩៥០​ទីតាំង​។   

...

​លោក Jin Hai មន្ត្រី​គយ​ចិន បាននិ​យ​យ​ថា បើទោះជា​មានការ​ចុះបង្ក្រាប​នៅ​ទូទាំងប្រទេស​ក៏ដោយ អាជីវកម្ម​ផលិត​ឧបករណ៍​វេ​ជ្ជ​សាស្ត្រ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ​នៅតែ​បន្ត​មាន​ដោយសារតែ​អាច​រកលុយ​បាន​យ៉ាង​រហ័ស​។​ ចាប់តាំងពី​ពាក់កណ្តាល​ខែមេសា​មក មន្ត្រី​កំពង់ផែ​ចិនបាន​រឹបអូស​ម៉ាស់​ដែល​មិនអាច​ប្រើ​បាន​ចំនួន ​៣១.៦​លាន​ម៉ាស់ និង​សម្លៀកបំពាក់​សម្រាប់​ការពារ​ខ្លួន​ចំនួន​ ៥០៩,០០០​ឈុត​៕ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print