ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗ ខណៈដែលឪពុកមាបង្កើត ខឹងរឿងក្មួយមកសុំអង្ករពីម្តាយញយដងពេក ទប់កំហឹងមិនបានទាញកាំបិតកៃចាក់របួស៣កន្លែង កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នៅក្នុងភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បុរសរងគ្រោះជាក្មួយមានឈ្មោះមឿន ម៉ន អាយុ២៨ឆ្នាំមុខរបរធ្វើស្រែស្នាក់នៅក្នុងខេត្តព្រះសីហនុ មានស្រុកកំណើត នៅក្នុងភូមិស្វាយជ្រុំ ឃុំអូរស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺរងរបួស៣កន្លែង ចុងដង្ហើមមួយកន្លែង ដើមដៃខាងឆ្វេងមួយកន្លែង និងមួយកន្លែងទៀតចំបោះដៃផុតខាងឆ្វេង។ចំណែកឪពុកមាដែលដៃដល់មានឈ្មោះលា ញ៉ាវ អាយុ៤៦ឆ្នាំមុខរបរធ្វើស្រែរស់នៅក្នុងភូមិអូរល្វា ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពពីជនរងគ្រោះបាននិយាយអោយដឹងថានៅមុនពេលកើតហេតុបុរសជាក្មួយបានមកពីខេត្តព្រះសីហនុមករកសុំអង្ករពីម្តាយនៅពេលនោះស្រាប់តែឪពុកមាមកទាន់ឃើញក៏និយាយថាអែងមកយកអង្ករពីម្តាយអែងញយដងម្លេះពេលនោះបុរសជាក្មួយក៏និយាយថាចុះបើខ្ញុំមកយកទាក់ទងអ្វីជាមួយពូអែង។
ប្រភពបានបន្តទៀតថាពេលនោះដោយឪពុកមាស្រវឹងស្រាលផងនោះក៏បានទាញកាំបិតកៃចេញពីក្នុងអាវចាក់មកលើក្មួយប្រុសបណ្តាលអោយរបួស៣កន្លែងពេលនោះក្រុមគ្រួសារក៏បានដឹកយកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗដើម្បីសង្គ្រោះជីវិត។ក្រោយពីដឹកយកទៅដល់មន្ទីរពេទ្យដោយមានកាយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលបានធូរស្បើយខ្លះហើយ៕
ដោយ៖ សេនា សក្តិ