ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលឋិតក្នុងស្ថានភាពស្រវឹង ពេលកំពុងបើកបរយ៉ាងលឿននោះត្រូវបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងចតស្ងៀមត្រៀមចាំឆ្លងផ្លូវ របួសសន្លប់ស្តូកស្តឹងខ្លួនឯង ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅក្បែររង្វង់មូលវិមានឯករាជ ក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា បុរសដែលស្រវឹងជិះម៉ូតូបុកគេនោះមានឈ្មោះម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកំពង់អូស សង្កាត់ផ្សាឆ្នាំង ក្រុងកំពង់ឆ្នាំង បានរងរបួសសន្លប់ស្តូកនៅលើផ្លូវ ។ ដោយឡែកបុរសម្នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ បុរសឈ្មោះម៉ាប់ជិះម៉ូតូម៉ាកហុដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1I-8734 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងល្បឿនយ៉ាងលឿនក្នុងស្ថានភាពស្រវឹង ពេលមកដល់កន្លែងកើតហេតុបានរ៉េទៅបុកម៉ូតូ មួយគ្រឿងទៀតដែលកំពុង តែឈប់ចាំឆ្លងផ្លូវ បណ្តាលអោយបុរសស្រវឹងដួល សន្លប់ស្តូកស្តឹងនៅលើផ្លូវតែម្តង ។ ក្រោយពេលកើតហេតុភាគីទាំងសងខាង បានដោះស្រាយគ្នាតាមនីតិវិធី ៕
ដោយ៖ ចន្ថា