កូរ៉េទាំង២៖ មកទល់ពេលនេះគេមិនទាន់ ដឹងពីមូលហេតុ ដែលកូរ៉ខាងជើង បានបាញ់កាំភ្លើងជាច្រើនគ្រាប់ ទៅលើប៉ុស្ត៍ ការពារព្រំដែនរបស់កូរ៉េខាងត្បូង នៅវេលាម៉ោង ៧និង៤១នាទី (ម៉ោងក្នុងតំបន់)ថ្ងៃទី៣ខែឧសភា។ ចំណែកទាហានកូរ៉េខាងត្បូងក៏បានព្រមានហើយបាញ់តបតវិញ ផងដែរ។
សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ បានដកស្រង់សំដីរបស់នាយសេនាធិការចំរុះកូរ៉េខាងត្បូង (JCS)បញ្ជាក់ថា ស្នូរកាំភ្លើងផ្ទុះជាច្រើនគ្រាប់ បានបាញ់ចេញពីកូរ៉េខាងជើង ចំប៉ុស្តិ៍យាមព្រំដែនរបស់កូរ៉េខាងត្បូងមួយកន្លែង ស្ថិតនៅខាងក្នុងតំបន់គ្មានយោធាកូរ៉េ (DMZ) ។
នាយសេនាធិការចំរុះកូរ៉េខាងត្បូង បានបញ្ជាក់ថា “យើងកំពុងចាត់វិធានការតាមរយៈបណ្តាញទំនាក់ទំនងអន្តរកូរ៉េ ដើម្បីស្វែងយល់ពីស្ថានភាពលម្អិត និងដើម្បីការពារឧប្បត្តិហេតុណាមួយបន្ថែមទៀត។ ហើយយើងក៏រក្សាឥរិយាបថត្រៀមខ្លួនជាស្រេចដែលចាំបាច់ផងដែរ” ។
ប្រភពsputnikផ្សាយថា ប៉ុស្តិ៍យាមដែលរងការវាយប្រហារនៅព្រឹកថ្ងៃអាទិត្យនេះ មានទីតាំងស្ថិតនៅកណ្តាលព្រំដែនភាគកណ្តាល នៃប្រទេសកូរ៉េខាងត្បូង Cheorwon ក្នុងខេត្ត Gangwon ។ ប្រភព JCS បានបញ្ជាក់ថា យោធាកូរ៉េខាងត្បូងបានបាញ់តបវិញចំនួនពីរដង បន្ទាប់ពីការព្រមាន ។ មកទល់ពេលនេះមិនទាន់មានព័ត៌មាន ថាតើមានអ្នករងរបួសឬស្លាប់ដែរឬទេ។
ការបាញ់ប្រហារដោយមិនដឹងមូលហេតុបានកើតឡើងក្រោយមេដឹកនាំគីម ជុងអ៊ុន បង្ហាញវត្តមានជាសាធារណ បន្ទាប់ពីបាត់ខ្លួន២០ ថ្ងៃ ហើយកូរ៉េខាងត្បូង បានវិភាគជាច្រើនជុំវិញមេដឹកនាំគីម ជុងអ៊ុន ថាវះកាត់បេះដូង ជាដើម៕
ដោយ៖ ធី រីណា