ភ្នំពេញ៖ បុរសម្នាក់ បន្លំខ្លួនជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃ ពាក់ផ្កាយ២(ឧត្តមសេនីយ៍ទោ) រួចធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះចំនួន១០,៥០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ។ ប៉ុន្តែមិនសម្រេច ព្យាយាមគេចវេសមិនព្រមប្រគល់ប្រាក់ឲ្យវិញ និងគំរាមបាញ់សម្លាប់ជនរងគ្រោះ បើសិននៅតែទារលុយពីខ្លួនវិញ ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានយកមកចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះថា កម្លាំងជំនាញក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ សេង សុភ័ក្រត្រា អាយុ៤៧ឆ្នាំ ក្រោយបន្លំខ្លួនជាមន្រ្តីនគរបាល ពាក់ផ្កាយ២ក្លែងក្លាយ កាលពីរសៀលថ្ងៃទី០៤ឧសភា ២០២០ នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
លោកនាយការិយាល័យបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ ក៏បែកធ្លាយរឿងជនសង្ស័យរូបនេះ បន្លំជានគរបាលពាក់ផ្កាយ២នៅក្រសួងមហាផ្ទៃ បានធ្វើសកម្មភាពគំរាមសម្លាប់ និងគំរាមហែកកេរ្ដិ៍ ដោយប្រើប្រាស់អាវុធខុសច្បាប់ រួមនិងករណីឆបោកប្រាក់ចំនួន១០,៥០០ដុល្លារ ។
ចំណែកវត្ថុតាំងចាប់យកពីជនសង្ស័យរួមមាន៖ កាំភ្លើងខ្លីមួយដើមម៉ាក Glock26 និងគ្រាប់មួយចំនួន ដោយអាវុធខ្លីនេះគ្មានលិខិតប្រើប្រាស់ទេ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ក៏បានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំ ធ្វើជាមន្ដ្រីនគរបាលជាតិ ឋានន្ដស័ក្ដិ ផ្កាយ២ នៅក្រសួងមហាផ្ទៃប្រាកដមែន និងបានយកប្រាក់ពីជនរងគ្រោះចំនួន ១០,៥០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ប៉ុន្តែរត់ការមិនបានសម្រេចហើយក៏ចាយអស់ទៅ ពេលជនរងគ្រោះទូរស័ព្ទទារលុយ ខ្លួនបានផ្ញើសារ គំរាមបាញ់សម្លាប់ បើសិននៅតែទារលុយទៀត ។ លុះដល់ថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២០ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ស តារា