ភ្នំពេញ៖ ស្រ្តីម្នាក់ បានទិញរថយន្តស៊េរីទំនើបមួយគ្រឿង ដែលមានតម្លៃជិត៧ម៉ឺនដុល្លារ ពីបុរសម្នាក់ ប៉ុន្តែអ្នកលក់រថយន្តនោះ មិនព្រមប្រគល់បណ្ណសម្គាល់រថយន្ដ (កាតគ្រី) ឲ្យជនរងគ្រោះភ្លាមៗនោះទេ និងបានសន្យាថា ចាំប្រគល់ជូនជនរងគ្រោះនៅ ក្នុងរយៈពេល១សប្ដាហ៍ក្រោយ ។ ស្រាប់តែជនសង្ស័យ ព្យាយាមគេចខ្លួនរហូត ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ថា ជនសង្ស័យមានឈ្មោះ គុជ ទ្រីអាយុ៦៣ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ២២៧E0 ផ្លូវលេច១៨២ ភូមិ១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ឈៀង ភាច ភេទស្រី អាយុ៦៣ឆ្នាំ ។
មន្រ្តីដដែលបន្តថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ក្រោយឃាត់ខ្លួនកម្លាំងជំនាញខណ្ឌ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ផងដែរ ។
តាមសម្តីជនរងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ខ្លួនបានទិញរថយន្តមួយគ្រឿងម៉ាកឡង់គ្រីសឺ សេរី២០១០ ពាក់ស្លាកលេខ 2U-6363 ពីជនសង្ស័យឈ្មោះ គុជ ទ្រី ក្នុងតម្លៃ ៦៦,០០០ដុល្លារ ។ នៅពេលទិញរថយន្តនោះ ឈ្មោះ គុជ ទ្រី មិនបានប្រគល់បណ្ណសម្គាល់រថយន្ដ (កាតគ្រី) ឲ្យជនរងគ្រោះភ្លាមៗនោះទេ និងបានសន្យាថា ចាំប្រគល់ជូនជនរងគ្រោះនៅ ក្នុងរយៈពេល ១សប្ដាហ៍ក្រោយ ។ស្រាប់តែជនសង្ស័យ គេចខ្លួនរហូតទាក់ទងមិនបាន និងមិនព្រមយកបណ្ណសម្គាល់រថយន្ដ ទៅប្រគល់ចជូនជនរងគ្រោះ ។
ជនរងគ្រោះបន្តថា ក្រោយពីស្រាវជ្រាវ ទើបជនរងគ្រោះដឹងថា ជនសង្ស័យបានយកបណ្ណសម្គាល់រថយន្ត ទៅបញ្ចាំនៅស្ថាប័នមីក្រូហិរញ្ញវត្ថុតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ ។ ព្រោះតែអំពើរបស់ជនសង្ស័យធ្វើឲ្យខាងបង់ប្រយោជន៍របស់ជនរងគ្រោះ ទើបជនរងគ្រោះបានសម្រេចដាក់ពាក្យប្ដឹងទៅសមត្ថកិច្ច ឲ្យជួយចាត់ការតាមនីតិវិធី ៕ដោយ៖ស តារា