តូក្យូ ៖ តាមប្រភពពី CNA បានឲ្យដឹងថា លោក Katsunobu Kato រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុន បាននិយាយនៅលើកម្មវិធីព័ត៌មានតាមទូរទស្សន៍មួយកាលពីថ្ងៃអង្គារទី៥ ខែឧសភា នេះថា ប្រទេសជប៉ុនអាចនឹងអនុម័តឲ្យប្រើប្រាស់ថ្នាំ Remdesivir សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 នៅពេលក្រុមប្រឹក្សាត្រួតពិនិត្យជួបប្រជុំគ្នាសម្រេចនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
លោកថា ថ្នាំ Remdesivir ត្រូវបានផលិតដោយក្រុមហ៊ុនអាមេរិកឈ្មោះ Gilead Sciences ហើយថ្នាំនេះត្រូវបានផ្តល់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់កាលពីសប្តាហ៍មុនដោយស្ថាប័នចំណីអាហារ និងថ្នាំរបស់អាមេរិក ដើម្បីព្យាបាលជំងឺ COVID-19។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាមេរិកឈ្មោះ Gilead Sciences បានដាក់ពាក្យស្នើសុំការអនុម័តយ៉ាងរហ័សនៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃចន្ទរួចហើយដែរ។ ដូច្នេះ ប្រសិនបើក្រុមប្រឹក្សាត្រួតពិនិត្យផ្តល់ការយល់ព្រមនោះលោករដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះគ្រោងនឹងអនុវត្តភ្លាមៗ។
លោករដ្ឋមន្រី្តបញ្ជាក់ថា នៅពេលនាំចូលថ្នាំនេះ យើងចង់ប្រើប្រាស់វាព្យាបាលលើតែអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរខ្លាំងភ្លាមៗតែម្តង៕
ដោយ៖ ប្រាថ្នា