ខេត្តកោះកុង ៖ អ្នកបើកបររថយន្តដឹកថ្មគ្រួសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងរថយន្ត កាលពីវេលាម៉ោង៧និង៣០នាទី នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចចំណោទតាបាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ។
មន្ត្រីនគរបាលបានឲ្យដឹងថា ក្រោយទទួលបានដំណឹងពីមេបញ្ជាការផ្នែកសឹករងស្រុកគីរីសាគរថា មានអ្នកបើកបររថយន្តដឹកថ្មគ្រួសម្នាក់ បានដេកស្លាប់ក្នុងរថយន្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមណ្ឌលសុខភាពគីរីសាគរ ទៅដល់កន្លែងកើតហេតុ ដើម្បី ពិនិត្យសាកសព។
ប្រភពខាងលើបន្តថា តាមការបំភ្លឺពីបងប្រុសរបស់ជនរងគ្រោះបានឲ្យដឹងថា ប្អូនរបស់ខ្លួនមាន ឈ្មោះ សុខ តាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកបើករថយន្តដឹកដី ទីលំនៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មុនកើតហេតុ ដោយរថយន្តខូច ពួកគេបានចតដេកនៅទីនោះមួយយប់ ស្រាប់តែព្រឹកឡើងពុំទាន់ឃើញប្អូនងើបពីគេង ក៏ដើរទៅមើល តែបែរជាឃើញប្អូនដេកស្លាប់ក្នុងរថយន្តបាត់ទៅហើយ។
ក្រោយពីការពិនិត្យសមត្ថកិច្ចបានបញ្ជាក់ថា នៅលើសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីទេ។ ហេតុនេះ សមត្ថកិច្ច និងជំនាញសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ដោយសារបញ្ហាសុខភាព (ខ្យល់គរ) ពិតប្រាកដមែន។ បច្ចុប្បន្ន សព ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ នរិន្ទ្រ