រថយន្តដឹកឈើបើកជៀសគោយន្តរេចង្កូតធ្លាក់ផ្លូវស្លាប់ម្នាក់រងរបួសធ្ងន់ ២នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ មនុស្សម្នាក់បានស្លាប់និង២នាក់ផ្សេងទៀតរងរបួសធ្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តដឹកឈើបើកជៀសគោយន្ត ហើយជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៨នាទី( ជិតភ្លឺ )ឈានចូលថ្ងៃទី៦ខែឧសភាឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦២ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ២២-២៣ ស្ថិតក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌បៃតងពាក់ស្លាកលេខ ភ្នំពេញ 2M-1751 ផ្ទុកឈើប្រភេទលេខ២និងឈើក្រៅលំដាប់បើកបរដោយ ឈ្មោះ ឌុក ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិព្រៃគុយ ឃុំត្រពាំង៣ ស្រុកឈូក ខេត្តកំពត មុខរបរ បើកបររថយន្ដ ( ស្លាប់នៅកន្លែងកើតហេតុ ) ។
ចំណែកអ្នករួមដំណើរចំនួន២នាក់ ៖១- ឈ្មោះ ផល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបររថយន្ត ( របួសធ្ងន់ ) ។ ២- ឈ្មោះ សឿន ណាង ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបររថយន្ត ( របួសស្រាល ) ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុនិងប្រមូលវត្ថុតាងរថយន្ដយករក្សាទុកនៅអធិការដ្ឋានគរបាល ស្រុកប្រាសាទបល្ល័ង្ក។ចំណែកឈើប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យទុកវាស់វែង ។
លោក ភោគ ច័ន្ទត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យបានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ថាឈើទាំងនោះជាឈើលេខ២ និងឈើក្រៅលំដាប់ ក្រោយពេលវាស់វែងឈើមានចំនួនមិនដល់១ម៉ែត្រគូបផងទេ៕

...

ដោយ៖ ប៊ុនរិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print