ខេត្តត្បូងឃ្មុំ៖ បន្ទាប់ពី ពិធីដង្ហែសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តត្បូងឃ្មុំ ជាដំបូង សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ផងដែរថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាម្តាយក្មេក សម្តេចតេជោនាយករដ្ឋមន្រ្តី និងត្រូវជាម្តាយបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានទទួលអនិច្ចកម្មកាលពីយប់ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២០ នៅវេលាម៉ោង ០២:១២ នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៩៦ ឆ្នាំ ដោយជរាពាធ។
បន្ទាប់ពីពិធីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន រយៈពេល២យប់៣ថ្ងៃ តាមគន្លងប្រពៃណីសាសនារួចមក សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែចេញពីភូមិ គ្រឹះ លេខ៤១ មហាវិថីសម្តេចព្រះសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឆ្ពោះទៅ កាន់ ទីបញ្ចុះ សព នៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៧និង១៨នាទី ព្រឹក ថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២០ ។
ក្បូនរថយន្តដង្ហែសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី បានធ្វើដំណើរមក ដល់ទីកន្លែងចុងក្រោយដែលជាទីឋានប្រកបដោយភាពស្ងប់ស្ងាត់ លើទឹកដីស្រុកកំណើតរបស់ អ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា កាលពី៩៦វស្សាមុន ពិសេសបានធ្វើដំណើរឆ្លងកាត់ មូល ដ្ឋាន ដែលជាទឹកដីអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ចាប់តាំងពីពេលប្រសូត្រ កុមារភាព យុវវ័យ និងការឆ្លងកាត់ជីវិតដ៏ល្វីងជូរចត់រាប់មិនអស់ ។
សូមបញ្ជាក់ដែរថា សពអ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ត្រូវបានប្រារព្វពិធីបញ្ចុះតាមគន្លងប្រពៃណី សាសនា នៅវេលាម៉ោង១៥ និង៣៣នាទីរសៀលថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
តាមជីវប្រវត្តិរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានឲ្យដឹងថា អ្នកឧកញ៉ាព្រឹទ្ធ មហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រសូត្រនៅថ្ងៃ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី៤ ខែឧសភាឆ្នាំ១៩២៥ ក្នុងគ្រួសារកសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុក ក្រូចឆ្មារ ខេត្តកំពង់ចាម។ មានបិតានាម ឱក ប៊ុន មាតានាម ណៃ ហួត។ អ្នកឧកញ៉ា ព្រឹទ្ធមហា ឧបាសិកា ធម្មមានវិវឌ្ឍនាជាបុត្រីទី២ ក្នុងចំណោមបងប្អូន៤នាក់ ក្នុងនោះមានស្រី ៣រូប និង ប្រុស មួយ រូប។
សូមឧទ្ទិសបួងសួងជូនដួងវិញ្ញាក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សុខ ខេមរា