តារាសម្តែង ហេង ស្រីពេជ្រ បានបង្ហាញក្តីបារម្ភសារជាថ្មីក្រោយពីមានជនមិនស្គាល់មុខបានយករូបថតរបស់នាងដើម្បីបង្កើតជាគណនីយហ្វេសប៊ុកជាច្រើនបន្តបន្ទាប់។ ការបារម្ភនេះគឺព្រោះតែនាងនៅមិនទាន់អាចដឹងនោះឡើយទេថាតើបុគ្គលទាំងនោះបង្កើតវាងឡើងស្ថិតក្នុងគោលបំណងអ្វី។
ហេង ស្រីពេជ្រ បញ្ជាក់ថា នាងមិនហាមឃាត់ឡើយចំពោះអ្នកគាំទ្រដែលប្រើរូបនាងក្នុងន័យគោរពស្រឡាញ់ ប៉ុន្តែនាងព្រួយបារម្ភខ្លាចមានជនខិលខូចយកវាទៅប្រើក្នុងទិសដៅផ្សេង ហើយប៉ះពាល់ធ្ងន់ធ្ងរដល់កិតិ្ដយសនាង និងសង្គម។នាងថាក្តីកង្វល់គឺខ្លាចការប្រើប្រាស់គណនីយនោះខុសទៅនឹងសីលធម៌ និងច្បាប់សង្គម ខណៈគណនីយទាំងនោះសុទ្ធតែបាន Block គណនីយនាងមិនឲ្យចូលមើលពីសកម្មភាពទាំងនោះបានផងដែរ។ នាងថាគណនីយនោះបានប្រើប្រាស់ឈ្មោះច្រើនផ្សេងគ្នា មិនមែនជាឈ្មោះនាង ប៉ុន្តែដាក់រូបថតរបស់នាងតែម្តង ហើយនេះក៏មិនមែនជាលើកទី១នោះដែរ ហើយនាងក៏បានធ្វើការប្រកាសជាសាធារណៈរួចហើយដើម្បីជៀសវាងការយល់ច្រឡំ និងការពារមុនពេលហេតុការណ៍ណាមួយកើតមានឡើង។ តារាស្រីរូបនេះក៏ព្រមានប្ដឹងបុគ្គលណាដែលយករូបថតនាងទៅដាក់ជា Profile facebook ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬប្រព្រឹត្តបទល្មើសអ្វីមួយដែលនាំឲ្យប៉ះពាល់ដល់កិត្ដិយសនាង។
គួរបញ្ជាក់ដែរថាតារាសម្ដែង ហេង ស្រីពេជ្រ បានបង្កើតគណនីហ្វេសប៊ុកឈ្មោះ Heng Sreypich នៅឆ្នាំ២០១៥ ហើយគណនីឈ្មោះ ហេង ស្រីពេជ្រ បានបង្កើតនៅឆ្នាំ២០១៦។ គណនីពិតទាំងពីររបស់នាង មានមិត្ត និងអ្នកFollow រាប់ម៉ឺននាក់ រហូតដល់អ្នកគាំទ្រខ្លះបានយករូបថតនាងទៅឡង់សេតាមហ្វេសប៊ុក ដើម្បីរកស៊ីទៀតផង។ នាងក៏ព្រមានចាត់ការទៅតាមវិធានការច្បាប់ប្រសិនបើសកម្មភាពនៃការបង្កើតគណនីយនោះជាការរកស៊ី ឬប្រព្រឹត្តិខុសទៅនឹងសីលធម៌និងច្បាប់សង្គម៕
ដោយ វឌ្ឍនា