ប្រទេសឥណ្ឌា៖ ពលករចំណាកស្រុកនៅក្នុងប្រទេសឥណ្ឌាប្រឈមនឹងទុក្ខលំបាកយ៉ាងខ្លាំង ដោយសារតែការបិទប្រទេសធ្វើឲ្យ កម្មករចំណាកស្រុកជាច្រើនត្រូវវិលត្រឡប់ទៅស្រុកកំណើតវិញដោយថ្មើរជើងមានចម្ងាយរាប់រយគីឡូម៉ែត្រ។ កម្មករធ្វើដំណើរតាមផ្លូវរថភ្លើងនៅពេលយប់ក៏ដេកនៅតាមផ្លូវដែកនោះតែម្តង។
ប៉ុន្តែជាអកុសលត្រូវរថភ្លើងដឹកទំនិញកិនស្លាប់ជាច្រើននាក់ ដោយសារតែពួកគាត់អស់កម្លាំងពេកដេកមិនដឹងខ្លួនពេលរថភ្លើងដឹកទំនិញមកដល់។ហេតុការណ៍ខាងលើនេះកើតឡើងនៅភាគខាងត្បូងរដ្ឋ Maharashtra ។ តាមរបាយការណ៍ជាបឋមមានមនុស្សយ៉ាងតិច១៧នាក់បានស្លាប់ និងជាច្រើនសិបនាក់ផ្សេងទៀតរងរបួស។ ក្រុមកម្មករទាំងនោះបាននាំគ្នាដេកនៅលើផ្លូវដែក ស្ថិតនៅក្នុងទីក្រុង Aurangabad រដ្ឋ Maharashtra ប្រទេសឥណ្ឌា នាវេលាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ។
ក្រុមសន្តិសុខនៅក្នុងតំបន់បានឲ្យដឹងថា កម្មករទាំងនោះមានគោលដៅទៅកាន់រដ្ឋ Madhya Pradesh ជាស្រុកកំណើតរបស់ពួកគេ ។ មន្ត្រីបានបញ្ជាក់ថា «ការស៊ើបអង្កេតឃើញថា កម្មករទាំងនោះកំពុងធ្វើដំណើរនៅតាមផ្លូវដែក ត្រឡប់ទៅស្រុកកំណើតវិញ ហើយដេកនៅលើផ្លូវដែកតែម្តងពេលអស់កម្លាំង និងពេលយប់»។
កូវីដ-១៩ បានធ្វើឲ្យរដ្ឋាភិបាលឥណ្ឌាបានប្រកាសបញ្ចប់ការបិទទ្វារទាំងស្រុងនៅក្នុងប្រទេសដែលបានអនុវត្តតាំងពីថ្ងៃទី ២៤ ខែមីនាមក ដើម្បីទប់ស្កាត់ការរីករាល។ ពលករចំណាកស្រុករាប់លាននាក់បានចាប់ផ្តើមធ្វើដំណើរយ៉ាងលំបាក និងមិននឹកស្មានដល់ទៅកាន់តំបន់ស្រុកកំណើតរបស់ពួកគេវិញ៕