លក់សំបុត្រទស្សនាបាល់ទាត់មិត្តភាពកម្ពុជា-ថៃបានជាង៤ម៉ឺនកន្លែងយកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ ការលក់សំបុត្រទស្សនាការប្រកួតកីឡាបាល់ទាត់មិត្តភាព កម្ពុជា-ថៃក្នុងន័យប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាបានប្រមាណជាង៤៥.៦៣៧កន្លែងរួមជាមួយវត្ថុអនុស្សាវរីយ៍ជាច្រើនមុខផ្សេងទៀត។ កម្មវិធីនេះមានការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសហការជាមួយក្រុមហ៊ុនSCG កាលពីរាត្រីថ្ងៃសៅរ៍ទី១៦ ខែមករាឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ។
ប្រភពព័ត៌មាន ពីមន្ត្រីគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ថវិកាបានមកពីការលក់សំបុត្រចូលទស្សនាបាល់ទាត់មិត្តភាព រវាងក្រុមCambodain Allstarsនិងក្រុម SCG Muang Thong Unitedដែលមានចាប់ពី៤ពានរៀលនឹង៨ពានរៀល រួមជាមួយការលក់វត្ថុអនុស្សាវរីយ៍ គឺយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ដោយមិនធ្វើការបែងចែកលើការចំណោយផ្សេងៗទេ។ ពីព្រោះថវិកាទាំងនេះបានមកពីការរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវថវិកាជាចាំបាច់ សម្រាប់ទិញថ្នាំសង្កូវនិងសម្ភារជួយសង្គ្រោះកុមារទូទាំងប្រទេសកម្ពុជាស។

លោកRoongrote Rangsiyopash ប្រធានក្រុមមហ៊ុនSCG មានប្រសាសន៍ថា “SCG មានទស្សនវិស័យ ក្នុងការចូលរួមចំណែកលើកកម្ពស់ វិស័យកីឡា ការអភិវឌ្ឍសង្គម សហគមន៍និងបានធ្វើប្រតិបត្តិការ លើជ្រុងដ៏ធំមួយគឺកីឡា”។

លោកបានបន្តទៀតថា កីឡាគឺជាទូតដ៍សាកសិទ្ធ ក្នុងការបណ្តុះស្មារតីសាមគ្គីភាព មិត្តភាពរវាងគ្នានិងគ្នា រវាងប្រទេសនិងប្រទេស នឹងពីប្រទេសមួយទៅលើពិភពលោកទាំងមូល ដែលមានអត្ថន័យស្មើនិងភាសាសាកលសម្រាប់មនុស្សយកប្រើប្រាសដែរ។

ប្រធានក្រុមហ៊ុនSCGរូបនេះក៏បានលើកឡើងពីប្រសាសន៍គាំទ្រ របស់លោកនាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ញាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាយ៉ាងដូច្នេះថា “ព្រឹត្តិការណ៍នេះជាឱកាសរក្សាទំនាក់ទំនងមិត្តភាពល្អ រវាងប្រទេសកម្ពុជានិងប្រទេសថៃ ខ្ញុំនិងក្រុមកីឡាករពិតជាមានមោទនភាពដែលបានចូលរួមចំណែក ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយនេះ”។

គួររំលឹកថា ក្រុមCambodain Allstarsបានយកឈ្នះលើក្រុមSCG Muang Thong United ដោយលទ្ធផលបច្ចេកទេស ៤ទល់៣ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញនៅលើទីលានស្មៅសិប្បនិមិត្ត អស់រយៈពេលជាង៩០នាទីនោះ។ កីឡាករទាំង២ក្រុមត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ទស្សនិកជនរបស់ខ្លួនប្រមាណជាង៤ម៉ឺននាក់ ។

ចំណោម៤គ្រាប់របស់ក្រុមCambodain Allstars រកបានដោយកីឡាករ ពាក់អាវលេខ២៤ឈ្មោះ Booysen Shane នៅនាទី៤៥ចុងតង់ទី១ ខណៈដែលតង់ទី២ កីឡាករពាក់អាវលេខ៣២ឈ្មោះ Fukasawa Masahiro ធ្វើបានសម្រេចក្នុងនាទី៥១ និងកីឡាករ ចាន់ វឌ្ឍនាកា រកបាន២គ្រាប់នៅនាទី៧៤-៧៦ ។

ដោយឡែកក្រុមភ្ញៀវ SCG Muang Thong United រកគ្រាប់បាន៣គ្រាប់ បន្ទាប់ពីប្រកួតអស់រយៈពេល២២នាទី ធ្វើសម្រេចដោយ កីឡាករ ពាក់អាវលេខ៣៥ ឈ្មោះChaiyawat Buran និងកីឡាករពាក់អាវលេខ ២៤ឈ្មោះKasidech wattayawong នៅនាទី២៥ក្នុងតង់ទី១រីឯតង់ទី២រកបានដោយកីឡាករឈ្មោះ Sarach yooyen នៅក្នុងនាទី៨៩ ក្រោយពីចាន់ វឌ្ឍនាការបស់ក្រុម Cambodain Allstarsទាត់បញ្ជួលទី២គ្រាប់ស្ទួនៗគ្នា៕សារីម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print