អាវុធហត្ថខេត្តបើកយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើត្រង់ទ្រាយធំនៅស្រុកសំបូរខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ ប្រមាណជាង៤០នាក់ ដឹកនាំដោយលោក ឧត្តសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចុះឡោមព័ទ្ធទីតាំងស្តុបឈើអារលេខ១សុក្រំ មួយកន្លែង មានចំនួនរាប់ពាន់កំណាត់ និង ដើម មានចំនួនប្រមាណជាង១ពាន់ម៉ែត្រគូប ដែលក្រុមឈ្មួញបានដឹកយកមកដាក់បង្រាយលាក់ទុកនៅក្នុងព្រៃ នៅក្នុងឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។
 

យុទ្ធនាការក្តៅគកុកក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើបានធ្វើឡើង នៅព្រឹកថ្ងៃទី១៧ខែមករា ក្នុងនោះកម្លាំងអាវុធហត្ថ បានពង្រាយកម្លាំងយាមកាមតាមគោលដៅសំខាន់ៗ ដោយរងចាំគណៈកម្មាការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ចុះមកត្រួតពិនិត្យ ។

 លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាអ្នកដឹកនាំកម្លាំងចុះបង្ក្រាប បានឱ្យដឹងថា ជាមួយនិងការចុះឡោមព័ទ្ធទីតាំងស្តុបឈើ ដែលមានចំនួនរាប់ពាន់កំណាត់និងដើមនេះ គឺកម្លាំងជំនាញបានបោះតង់ដើម្បីយាមកាមទាំងយប់ថ្ងៃ និងមិនឱ្យមានការចល័តទីតាំងឈើទាំងនេះ ដោយទុកឱ្យគណៈកម្មការថ្នាក់ជាតិចុះមកពិនិត្យសិន ទោះបីជាឈើនេះមិនមានច្បាប់ឬមានច្បាប់ក៏ដោយ ។

 យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើឈើដែលមានចំនួនជាង១ពាន់ម៉ែត្រគូបនេះ ជារបស់មេឈ្មួញណាម្នាក់នោះទេ ។ តែបើតាមសមត្ថកិច្ចបានបង្ហើបប្រាប់ថា ឈើដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់នេះ គឺមានច្រើនម្ចាស់ ក្នុងនោះមានឈើមួយចំនួនធំ គឺជាឈើរបស់មេឈ្មួញឈ្មោះ ចែនី ហៅនីអាត ដែលមានមេការម្នាក់ឈ្មោះ ថា ហៅ(ថាកខ្លី) ដែលមានតួនាទីជាមន្ត្រីយោធានៅក្នុងវរៈការពារព្រំដែនលេខ២០៤ជាអ្នកមើលការខុសត្រូវ និងចាត់ចែងលក់បន្ត ។

 សេចក្តីរាយការណ៍បានឱ្យដឹងថា ឈើអារលេខ១សុក្រំ គឺត្រូវបានក្រុមឈ្មួញបានកាប់ចេញពីទឹកដីខេត្តមណ្ឌលគិរី ដោយដឹកតាមគោយន្តកន្ត្រៃនិងរថយន្តកែច្នៃធំៗ យកមកស្តុបទុកនៅតំបន់ខាងលើនេះដើម្បីអារជ្រៀក និងស្តូចដាក់រថយន្តយីឌុបធំៗ ដឹកចេញទៅលក់បន្តនៅប្រទេសវៀតណាម តាមចរកមួយចំនួននៅស្រុកមេម៉ត់ខេត្តត្បូងឃ្មុំ ។

 ប្រភពបន្តថា នេះជាលើកទីមួយហើយដែលសមត្ថកិច្ចចូលទៅបង្ក្រាបការស្តុបលាក់ឈើទ្រង់ទ្រាយធំ នៅក្នុងព្រៃក្នុងឃុំរលួសមានជ័យ ស្រុកសំបូរ ហើយកន្លងមកតំបន់នេះគឺជាកន្លែងចរាចរណ៍ឈើខុសច្បាប់ ទ្រង់ទ្រាយធំនៅក្នុងទឹកដីខេត្តក្រចេះ តែមិនឃើញជំនាញរដ្ឋបាលព្រៃឈើឬអាជ្ញាធរខេត្ត ចុះចាត់វិធានការបង្ក្រាបនោះទេ ព្រោះខ្លាចបាត់បង់ផលប្រយោជន៍។

 លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ចាក់ថា ជាមួយនិងយុទ្ធនាការចុះបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើនេះ គឺលោកបានចាក់កម្លាំងអាវុធហត្ថខេត្តជាង១រយនាក់ យាមកាមតាមបន្ទាត់ព្រំដែន និងតាមដងផ្លូវជាតិសំខាន់ៗ ដែលជាតំបន់ចរាចរណ៍ឈើកន្លងមក ។

 គួរបញ្ជាក់ថា បើពុំមានការផ្លាស់ប្តូរនៅព្រឹកថ្ងៃទី១៨ខែមករា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាចអាវុធហត្ថលើផ្ទៃប្រទេស ដែលជាប្រធានគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ់ និងចុះមកត្រួតពិនិត្យឈើ ដែលមានចំនួនរាប់ពាន់កំណាត់និងដើមនេះ ។ហើយគណៈកម្មការនេះ មានភារកិច្ចសំខាន់ៗមួយចំនួន ដូចជាតប់ស្កាត់​បង្ក្រាបសកម្មភាពកាប់ឈើនិងនាំឈើចេញល្មើសច្បាប់ ស្រាវជ្រាវរកអ្នកពាក់បន្ឋ ចាប់ជនល្មើស ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕កោះទ្រុង 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print