ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ជិះម៉ូតូលឿនក្នុងទិសដៅបញ្ច្រាស់ទិសចរាចរណ៍ជ្រុលទៅបុករ៉ម៉ក់ម៉ូតូដឹកបន្លែដែលបើកបរដោយបុរសម្នាក់រួមជាមួយប្រពន្ឋនិងកូនពីរនាក់ទៀត បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០និង៤០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ចំណុចខាងជើងការ៉ាស់សាំងសូគីមិុច ប្រហែល៣០០ម៉ែត្រ(ច្រមុះជ្រួកក្បាលថ្នល់) ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមសាក្សីដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាសន្តិសុខ ជិះម៉ូតូបង្កម៉ាកវ៉េវ ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ព្រៃវែង1B.5380 ទិសដៅត្បូងទៅជើងតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ដោយជិះឆ្លងផ្លូវបញ្ច្រាស់ទិសចរាចរណ៍ ខណះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុករ៉ម៉ក់ម៉ូតូដឹកបន្លែ ដែលបើកទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម បើកដោយបុរសម្នាក់រួមជាមួយប្រពន្ឋនិងកូនតូចម្នាក់ បណ្ដាលឲ្យភាគីខាងម៉ូតូបង្កនិងបុរសជាម្ចាស់រ៉ម៉កម៉ូតូដឹកបន្លែរងរបួសធ្ងន់ រីឯប្រពន្ឋនិងកូនតូចរងរបួសស្រាល។ដោយឡែកម៉ូតូបង្កនិងរ៉ម៉ក់ម៉ូតូគៀបជាប់គ្នារងការខូចខាតផងដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ រីឯប្រពន្ឋនិងកូនតូចដែលរងរបួសស្រាលត្រូវបានសាច់ញាត្តិមកយកទៅផ្ទះវិញ ។ដោយឡែកម៉ូតូបង្កនិងរ៉ម៉ក់ម៉ូតូដឹកបន្លែ ត្រូវបានសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌការមន រងចាំដោះស្រាយតាមនីតិវិធី៕
ដោយ៖ ភារ៉ា ដង្កោ