ជនសង្ស័យ​ជា​ជាង​ធ្វើ​ធ្មេញ​រឹត​ក​សម្លាប់​ស្ត្រី​ម្នាក់​ ប្លន់​យក​គ្រឿងអលង្ការ​រួច​គេចខ្លួន​បាត់​នៅ​ស្រុក​មេមត់

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​វេទនា​ ដោយ​ត្រូវ​ជនសង្ស័យ​ជា​ឃាតក​ និង​ជា​ជាង​ធ្វើរ​ធ្មេញ​ បាន​យក​ខ្សែរឹត​ក​សម្លាប់​ រួច​យក​សាកសព​ច្រកចូល​បេ​កា​រ៉ុ​ង​ ញ​ត់​ចូល​ក្នុង​ទូ​ដើម្បី​ប្លន់​យក​គ្រឿងអលង្ការ​ លុយ​ និង​ម៉ូតូ​ ខណៈ​ដែល​ស្ត្រី​រង​គ្រោះ​រូប​នេះ​ទៅ​រក​សេវា​ធ្វើ​ធ្មេញ​នៅ​កន្លែង​របស់​ជនសង្ស័យ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​ រក​ឃើញ​សាកសព​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ ៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១២​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ជួល​ប្រកប​អាជីវកម្ម​ធ្វើ​ធ្មេញ​ ក្នុងភូមិ​ដា​ផ្សារ​ ឃុំ​ដារ​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ និង​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​សាច់ញាតិ​ស្ត្រី​រង​គ្រោះ​មក​សមត្ថកិច្ច​នគរបាល​ ដោយសារ​បាត់​ស្ត្រី​រង​គ្រោះ​យូ​ពេក​។​

​លោក​វរសេនីយ៍ឯក​ ប្រាក់​ ប៊ុ​ន​ណុ​ន​ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ក្នុង​ករណី​នេះ​មាន​ ឈ្មោះ​ ឡៃ​ សំ​អាន​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​ដារ​លិច​ ឃុំ​ដារ​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។​ ចំណែក​ជនសង្ស័យ​ជា​ជាង​ធ្មេញ​ ឈ្មោះ​ហ៊ុយ​ សេង​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ស្នាក់​នៅ​ជួល​ផ្ទះ​ធ្វើ​ធ្មេញ​ក្នុងភូមិ​ ឃុំ​កើតហេតុ​ខាងលើ​។​

​លោកស្នងការ​រង​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ បាន​ធ្វើ​សកម្មភាព​យក​ខ្សែរឹត​ក​ សម្លាប់​ជន​រង​គ្រោះ​រួច​ច្រក​បេ​កា​រ៉ុ​ង​ ដាក់​ក្នុង​ទូ​ផ្ទះបាយ​ ហើយ​គេចខ្លួន​បាត់​ ខណៈ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​ធ្មេញ​។​ សម្ភារ​ជន​រង​គ្រោះ​បាត់បង់​រួម​មានៈ​
១-​ខ្សែ​ក​មាស​១​ខ្សែ​ទំងន់​៥​ជី​
២-​ខ្សែដៃ​ប្លា​ក​ទី​ន​១​ខ្សែ​ទំងន់​៥​ជី​
៣-​ចិញ្ចៀន​២​វង់​(​មាស​១​វង់​ទំងន់​១,៥​ជី​ប្លា​ទី​ន​១​វង់​ ទំងន់​១,៥​ជី​១​វង់​)
៤-​ប្រាក់​រៀល​មួយ​ចំនួន​
៥-​ម៉ូតូ​១​គ្រឿង​ផលិត​នៅ​វៀតណាម​ព​ណ៍​ក្រហម​

​លោក​វរសេនីយ៍ត្រី​ ហុង​ គឹ​ម​ហឿ​ន​ អធិការ​នគរបាល​ស្រុក​មេមត់​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ជាមួយ​គ្នា​នេះ​ដែរ​សាច់ញាតិ​ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ បានដឹង​ថា​ មុន​មាន​អំពើ​ឃាតកម្ម​ នៅ​ព្រឹក​ថ្ងៃ​ដដែល​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ទៅ​សាច់ញាតិ​ថា​ មក​ធ្វើ​ធ្មេញ​នៅ​ផ្សារ​ដារ​ ។​ លុះ​ពេល​បាត់​យូ​ពេក​បងប្អូន​សាច់ញាតិ​ក៏​ជ្រួលច្របល់​ ចែក​គ្នា​តាម​ស្វែងរក​ និង​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ស្រុក​មេមត់​ ហើយ​សម្មត្ថកិច្ច​នគរបាល​ស្រុក​មេមត់​ក៏​បាន​ដាក់​ការ​សង្ស័យ​ឲ្យ​កម្លាំង​ជំនាញ​តាម​រក​មើល​ផ្ទះ​ដែល​មាន​ធ្វើ​ធ្មេញ​ នៅ​តំបន់​ដែល​ដាក់​ការ​សង្ស័យ​ ហើយ​ក៏​ឃើញ​ផ្ទះ​ធ្វើរ​ធ្មេញ​មួយ​ក្នុងភូមិ​ឃុំ​ខាងលើ​បាន​បិទទ្វារ​គួរ​ឲ្យ​សង្ស័យ​។​

​លោក​អធិការ​បាន​បន្ត​ថា​ ភ្លាម​នោះ​លោក​ក៏​បាន​រាយការណ៍​ ជូន​ទៅ​លោក​ឧត្តមសេនីយ៍​ស្នងការ​ ម៉ៅ​ ពៅ​ ដើម្បី​សុំ​គោលការណ៍​ ហើយ​ក៏​មាន​គោលការណ៍​ពី​លោក​ឲ្យ​អនុវត្ត​តាម​នីតិវិធី​ និង​ក៏​បានការ​ឯកភាព​ផ្នែក​ផ្លូវច្បាប់​ពី​ លោក​ព្រះរាជអាជ្ញារ​សាលាដំបូង​ខេត្តកំពង់ចាម​ផង​ដែរ​ ហើយ​កម្លាំង​ក៏​គាស់​សោ​ផ្ទះ​ជនសង្ស័យ​ដែល​ជួល​នោះ​រក​ឃើញ​សព​ស្ត្រី​រង​គ្រោះ​តែ​ម្តង​។​

​លោក​អធិការ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ករណី​នេះ​សមត្ថកិច្ច​ជំនាញ​នគ​បាល​ខេត្ត​បាន​និង​សហការ​ជាមួយ​ស្រុក​ស្រាវជ្រាវ​បំពេញ​ឯកសារ​តាម​នីតិវិធី​ និង​តាម​រក​ចាប់​មុខសញ្ញា​ជន​ដៃដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាន​តែ​បាន​ ៕​ វណ្ណៈ

IMG_5101

...

IMG_5100

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print