មានករណីវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងពិធីបុណ្យសពមន្ត្រីប៉ូលិស ដោយមានការចូលរួមពី មន្ត្រីរដ្ឋាភិបាលជាច្រើនរូប និងសមាជិករដ្ឋសភាអាហ្វហ្គានីស្ថាន ស្ថិតនៅភាគខាងកើតប្រទេសនេះ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាង៥០នាក់។
ខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន មានព្រំដែន ជាប់ប៉ាគីស្ថាន ជាតំបន់ដែលក្រុមតាលីបង់ធ្វើសកម្មភាពខ្លាំងជាងគេ ។ ប៉ុន្តែក្រុមតាលីបង់ក៏បានចេញមុខប្រកាសថា មិនមែនក្រុមរបស់ខ្លួនវាយប្រហារឡើយ។ ការវាយប្រហារកើតឡើងនៅព្រឹកថ្ងៃទី ១២ខែឧសភា ស្ថិតនៅក្នុងស្រុក Khewa ខេត្ត Nangarhar។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ខែឧសភា បានដកស្រង់សម្តីលោក Sohrab Qaderi សមាជិកគណៈកម្មាធិការខេត្តNangarhar បានបញ្ជាក់ថា ការវាយប្រហារខាងលើ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសដល់ទៅ ជាង ៤០ នាក់ ក្នុងចំណោមនោះមានសមាជិករដ្ឋសភា អាហ្វហ្គានីស្ថាន លោក Hazrat Ali និងមនុស្សជាច្រើនដែលចូលរួមក្នុងពិធីបុណ្យសព។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ខ្មាន់កាំភ្លើងមួយក្រុមបានវាយប្រហារនៅក្នុងមន្ទីរពេទ្យក្នុងរដ្ឋធានី កាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស ៨នាក់ និងរងរងបួសជាច្រើននាក់ ។ មកទល់ពេលនះមិនទាន់មាន ក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននៅឡើយ៕
ដោយ៖ ធី រីណា