ខេត្តសៀមរាប៖ កម្លាំងនគរបាលក្រុងសៀមរាបនិងប្រជាពលរដ្ឋបានចាប់ខ្លួនជនសង្ស័យម្នាក់កាលពីរសៀល ថ្ងៃទី១៤ខែឧសភា ឆ្នំា២០២០នៅចំណុចមុខវត្តចក ក្រុងសៀមរាបក្រោយពេលធ្វើសកម្មភាពប្លន់ខ្សែ.កមួយខ្សែពីប្រជាពលរដ្ឋម្នាក់កំពុចាំចម្ការ។
សមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឲ្យដឹងថាជនសង្ស័យឈ្មោះ រ៉េត សារួម ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ជនសង្ស័យរូបនេះជាប់ពាក់ព័ន្ធនឹងករណីយកពូថៅគំរាមយកខ្សែ.ក ។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការក្រុងសៀមរាបបានបញ្ជាក់ថា ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២០ ម៉ោង១៤និង២០នាទី ស្ថិតនៅរោងចាំចម្ការដាំឈូកក្នុងភូមិ ស្វាយព្រៃ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ពេលជនរងគ្រោះឈ្មោះ ស៊ឹង ឡាំងគឿ ភេទ ស្រី អាយុ២០ឆ្នាំ កំពុងអង្គុយចាំរោងជាមួយប្អូនស្រីឈ្មោះ វ័រ រដ្ឋា អាយុ ១៩ឆ្នាំ ។មុនពេលកើតហេតុជនសង្ស័យខាងលើបានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាស៊េរីចាស់មកឈប់ ពីមុខរោងហើយដើរចូលសំដៅមកជនរងគ្រោះនិងប្អូនស្រី។ពេលនោះជនសង្ស័យបានឃើញ ពូថៅរបស់ជនរងគ្រោះទុកនៅនឹងជណ្ដើររោងក៏យកមកកាន់នឹងដៃរួចគំរាមជនរងគ្រោះឲ្យដោះខ្សែកផ្លាទីនតម្លៃ១៥០ដុល្លារពី.កប្រគល់ឲ្យខ្លួន តែដោយជនរងគ្រោះដោះ យឺតជនសង្ស័យក៏កន្ត្រាក់ផ្តាច់បម្រុងជិះម៉ូតូគេចតែត្រូវប្អូនជនរងគ្រោះស្រែកឆោឡោថាចោរៗ ។ បន្ទាប់មកជនសង្ស័យរត់ឡើងជិះម៉ូតូក៏ត្រូវអ្នកជិតខាងឮ នាំគ្នាជិះម៉ូតូដេញតាម ទៅទិសខាងជើងបានប្រហែល៣ គីឡូម៉ែត្រ ជនសង្ស័យភ័យ ក៏គប់ខ្សែ.កដែលប្លន់បាននោះចោលតាមផ្លូវបណ្ដាលឱ្យបាត់។ ពេលជនសង្ស័យជិះដល់ត្រង់ចំណុចមុខវត្តចក ត្រូវបងប្អូនប្រជាពលរដ្ឋជិះតាមផ្លូវឃើញនាំគ្នាជួយឃាត់ចាប់បានប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
ក្រោយឃាត់ខ្លួនបានជនសង្ស័យរូបនេះបានឆ្លើយសារភាពដូចបានរៀបរាប់ខាងលើមែន។ជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ធ្វើការផ្ដន្ទាទោសតាមច្បាប់នៅព្រឹកថ្ងៃទី១៥ ខែ ឧសភា នេះ៕
ដោយ៖ ប៊ុនរិទ្ធី