ប្រទេសឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយពេលមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៧៨.០០៣នាក់ ក្នុងនោះមានអ្នកស្លាប់ជាង ២៥០០នាក់ផងដែរ។ ក្នុងចំណោមនោះមានអ្នកឆ្លងថ្មីកើនឡើងដល់ទៅ ៣.៧២២នាក់ និង ស្លាប់១៣៤នាក់ ។
ជាមួយគ្នានេះដែរក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានមនុស្សចំនួន ២៦.២៣៥នាក់ បានព្យាបាលជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យ ។ ចំនួនអ្នកជំងឺកូវីដ-១៩ កំពុងទទួលការព្យាបាលនៅក្នុងប្រទេសនេះនាពេលបច្ចុប្បន្នមានចំនួន៤៩.២១៩នាក់” ។
សារព័ត៌មាន Times of India នៅថ្ងៃទី១៥ខែឧសភាបានផ្សាយថា មកដល់ថ្ងៃទី១៥ ខែឧសភានេះ គឺចំនួន ៥២ ថ្ងៃហើយ នៃការរឹតត្បឹតនៅទូទាំងប្រទេសដែលបានប្រកាសដោយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ ។
ការបិទប្រទេសដែលបានប្រកាសឡើងកាលពីថ្ងៃទី២៥ ខែមីនាគឺត្រូវ ដល់កំណត់នៅថ្ងៃទី១ ខែឧសភា ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបានបន្តដាក់បន្ថែមជាលើកទីពីរ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ៕
ដោយ៖ ធី រីណា