ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបង្កើតគម្រោងទី១ «បន្លែសហគមន៍»
គឺជាគម្រោងថ្មីមួយដែលបង្កើតឡើងដោយស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងលើកកម្ពស់ជីវភាពសហគមន៍ស្ត្រីខ្មែររៀបការស្វាមីកូរ៉េដែលរងផលប៉ះពាល់ដោយសារការរីករាលដាលវីរ៉ុសកូរ៉ូណា និងក៏ជាការបំផុសបំផុល ជម្រុញទឹកចិត្តប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាឱ្យយកចិត្តទុកដាក់វិស័យកសិកម្មឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់អោយដឹងពីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ។
«បន្លែសហគមន៍» នេះជាគម្រោងទី១របស់ស្ថានទូតដែលបើកសម្ពោធកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ម្សិលម៉ិញនេះនៅទីក្រុងអានសាន ដោយមានការចូលរួមសហការពីលោកប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងអានសាន មជ្ឈមណ្ឌលវប្បធម៌កម្ពុជា ក្រុមការងារស្ត្រី និងបងប្អូនពលករខ្មែរផងដែរ។
ការដាំដុះនេះ មិនត្រឹមតែលើកកម្ពស់ជីវភាពសហគមន៍ស្ត្រីខ្មែរ រៀបការស្វាមីកូរ៉េប៉ុណ្ណោះ គឺបានបង្ហាញការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំទូតកម្ពុជា ផ្សាភ្ជាប់សាមគ្គីភាពកម្ពុជា-កូរ៉េ ស្និទស្នាល បំផុត និងទទួលបាននូវបន្លែធម្មជាតិ ដើម្បីសុខភាពទៀតផង៕
ដោយ៖ សិលា