ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាន បញ្ជូនទៅតុលាការ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា ជនសង្ស័យទាំងពីរនាក់នេះជាក្រុមចែកចាយថ្នាំញៀន និង ជាអ្នកទទួលទិញផលចោរកម្ម ។
ជនសង្ស័យនេះត្រូវបានបញ្ជូនទៅតុលាកានៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានអោយដឹងថា ទាំងពីរនាក់នេះ ម្នាក់ឈ្មោះគឹមសួរ កោសល្យមនិត អាយុ ៣០ឆ្នាំហៅចិត្ត អាយុ៣០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ចំណែកម្នាក់ទៀត ឈ្មោះពេជ្រ សោភា អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិត្រពាំងអញ្ជាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនមានខ្នោះដៃ១គ្រឿងនៅជាប់ខ្លួន និងម៉ូតូមួយគ្រឿងសម្ភារៈប្រើប្រាស់ថ្នាំញៀន និងរកឃើញវត្ថុតាងជាច្រើនទៀត មានដែលជាសម្ភារៈសម្រាប់ជនសង្ស័យបានបោកបញ្ឆោតគេពីកន្លែងផ្សេងៗ ។
នៅពេលចាប់ខ្លួនគេបានប្រាប់ សមត្ថកិច្ច និងលោកព្រះរាជអាជ្ញារងថា៖ ខ្លួនគេជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ម្តងទៀតថាៈ ជាមន្ត្រីកងរាជអាវុធហត្ថផ្ទៃប្រទេស ប៉ុន្តែក្រោយពេលស្រាវជ្រាវទៅ គឺពុំមានឈ្មោះនេះក្នុងអង្គភាពកងរាជអាវុធហត្ថណាមួយទេ ។
សមត្ថកិច្ចការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត បានអោយដឹងថា គឹមសួរ កុសលម៉ានិតុ ហៅចិត្ត គឺជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្ម និងមានទីលំនៅច្រើនកន្លែង ដែលលំបាកក្នុងការបង្រា្កប ។ ឈ្មោះនេះត្រូវបានចោទប្រកាន់បទល្មើស៣ករណីគឺ១.ចែកចាយគ្រឿងញៀន ២.ទទួលចោរកម្ម ៣.ប្រើខ្នោះដៃអត់ច្បាប់ ។ចំណែកឈ្មោះ ពេជ្រសោភា វិញត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។
សមត្ថកិច្ចបានអោយដឹងថា នេះគឺជាមុខសញ្ញាដែលសមត្ថកិច្ចបានធ្វើការតាមដាន ព្រោះជនសង្ស័យខាងលើនេះ មានបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនិងករណីឆបោកយកម៉ូតូ កាលពីខែធ្នូកន្លងទៅ និងពាក់ព័ន្ធករណីល្មើសច្បាប់ផ្សេងៗទៀត ។ នៅពេលនេះជនសង្ស័យបានធ្វើការឃាត់ខ្លួន ដាក់ពន្ធនាគារដើម្បីធ្វើការស្រាវជ្រាវបន្ថែមទៀត ៕
ដោយ៖ ចន្ថា