ខេត្តកោះកុង៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនដឹកជញ្ជូន L.M.H បានបុករថយន្តហាយឡែនឌ័រ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦នាក់ នៅវេលាម៉ោង ១០៖៤៥នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលលេខ១-២ ចំណុចស្ពានអូរជ្រៅ ក្នុងភូមិអូរជ្រៅឃុំ បឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ក្នុងហេតុការណ៍នេះ នគរបាលចរាចរណ៍ផ្លូវគោកខេត្តកោះកុង បានបញ្ជាក់ថា៖ គ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់ ២នាក់ (ស្រីម្នាក់ និងក្មេងប្រុសម្នាក់) និងរងរបួស ៦នាក់ (ស្រី ៤នាក់)។
កម្លាំងសមត្ថកិច្ចចុះជួយសង្រ្គោះយកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ និងជួយស្ទួចរថយន្ត ទាំងខាងបង្កហេតុ និងខាងរងគ្រោះ ដើម្បីយកទៅរក្សាទុកបណ្តោះអាសន្នសិន រងចាំធ្វើការដោះស្រាយនៅពេលក្រោយ។
ដោយឡែកចំពោះអ្នកស្លាប់ និងរបួស សមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយ ខណៈកំពុងជាប់រវល់ជួយអន្តរាគមន៍សង្គ្រោះជាបឋមសិន។
អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានអះអាងទៀតថា រយៈពេល១៤ថ្ងៃនេះ គេសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៩៣លើក ស្លាប់៤៨នាក់ និងរបួស១២២នាក់។ សម្រាប់ថ្ងៃទី១៤ ខែឧសភានេះ យានយន្ត ដែលល្មើសត្រូវបានត្រួតពិនិត្យ និងផាកពិន័យ មាន១០១២គ្រឿង ក្នុងនោះម៉ូតូមាន ៦៦៩គ្រឿង និងរថយន្ត ៤៤៣គ្រឿង។
ការអនុវត្តច្បាប់ចរាចរណ៍ ប្រជាពលរដ្ឋក៏សំណូមពរ ដល់សមត្ថកិច្ចរឹតបន្តឹងលើរថយន្តដឹកទំនិញធំៗ របស់ក្រុមហ៊ុនដឹកជញ្ជូនផង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
ដោយ៖ សិលា