ក្លិប Club Bruges ត្រូវបានប្រកាសថា ជាម្ចាស់ជើងឯកលីកកំពូលបែលហ្ស៊ិក (Pro League) បន្ទាប់ពី លីកកំពូលរបស់ប្រទេសនេះបានបញ្ជាក់កាលពីខែមុនថា បានបញ្ចប់មុនរដូវកាលដោយសារស្ថានភាពជំងឺកូរ៉ូណា។
ក្លិប Club Bruges មាន១៥ពិន្ទុនាំមុខលើក្រុម Gent នៅសល់មួយប្រកួតទៀតនៅពេលរដូវកាលត្រូវបានផ្អាក ហើយសហព័ន្ធបាល់ទាត់ប្រទេសបែលហ្ស៊ិក បានប្រកាសបិទបញ្ចប់រដូវកាល២០១៩-២០២០មុនកាលកំណត់តែម្តង។
នេះជាពានរង្វាន់ទី១៧ ហើយសម្រាប់ ក្លិប Club Bruges និងជាពានរង្វាន់ទី ៣ របស់ពួកគេក្នុងរយៈពេល ៥ រដូវកាលកន្លងមក។ មានន័យថាពួកគេនឹងមានកន្លែងស្វ័យប្រវត្តិនៅក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។
បែលហ្ស៊ិកគឺជាប្រទេសដំបូងគេនៅអឺរ៉ុបដែលបានលុបចោលលីករបស់ខ្លួន ប៉ុន្តែការសម្រេចចិត្ត នៅតែត្រូវបានផ្តល់សច្ចាប័នដោយក្លិបនៅក្នុងមហាសន្និបាតទូទៅកាលពីថ្ងៃសុក្រ។
កិច្ចប្រជុំនេះក៏បានបញ្ជាក់ផងដែរថា ក្លិប Waasland-Beveren នឹងត្រូវគេជម្រុះចោល ខណៈដែលក្លិប Gent នឹងចូលទៅប្រកួតពានរង្វាន់លីកកំពូលនៅរដូវកាលក្រោយដោយមានក្លិបដូចជា Charleroi, Royal Antwerp និង Standard Liege នៅក្របខ័ណ្ឌ Europa League ៕
ដោយ៖ ភិរក្ស