ភ្នំពេញ៖ បទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅ“មនុស្សខូចចិត្តធ្វើអ្វីឡប់ៗ” របស់តារាចម្រៀង អ៊ុង សុវណ្ណរិទ្ធ កំពុងទាក់ចិត្តក្រុមយុវវ័យ។ ការបញ្ចេញបទថ្មីដំបូងរបស់តារាចម្រៀងរូបនេះធ្វើឡើងបន្ទាប់ពីលោកបានលេចមុខក្នុងផលិតកម្មថ្មី Tasrong Studio។
“មនុស្សខូចចិត្តធ្វើអ្វីឡប់ៗ”ជាបទចម្រៀងរៀបរាប់អំពីចំណងស្នេហាខូចចិត្តរបស់យុវជនម្នាក់ព្រោះតែស្នេហាមិនសមបំណង។ បទនេះជាបទចម្រៀងលើកដំបូងរបស់តារាចម្រៀង អ៊ុង សុវណ្ណរិទ្ធ ក្នុងផលិតកម្មថ្មីដំបូងបន្ទាប់ពី ប្រឹងប្រែងតស៊ូលើអាជីពចម្រៀងអស់ជាច្រើនឆ្នាំ។ តារារូបនេះលើកឡើងថា លោកពិតជាសប្បាយចិត្តដែលបានឈរជើងក្នុងផលិតកម្មមួយដែលប្រមូលផ្តុំដោយអ្នកនិពន្ធ និងដឹកនាំមានបទពិសោធន៍។ លោកថាបើទោះបីជាផលិតកម្មថ្មី ប៉ុន្តែស្នាដៃបទចម្រៀងកើតចេញពីផលិតករអ្នកនិពន្ធដែលមានស្នាដៃ និងបទពិសោធន៍រាប់សិបឆ្នាំ។ តារារូបនេះលើកឡើងដែរថាទោះមិនទាន់មានកុងត្រាច្រៀងក្នុងផលិតកម្មថ្មីប៉ុន្តែលោកទទួលបានឱកាសជាច្រើនដោយនឹងមានបទចម្រៀងថ្មីៗបន្ថែមទៀតក្រោយពីស្នាដៃដំបូងនេះបានចេញ ហើយទទួលបាការពេញចិត្តច្រើនពីអ្នកគាំទ្រ ។ លោកថាទោះមិនទាន់ផ្ទុះចេញការគាំទ្រខ្លាំងលើបទចម្រៀងនេះខ្លាំងក៏ពិតមែន ប៉ុន្តែការចាប់ផ្តើមដែលមានការពេញចិត្តនេះនឹងជាសញ្ញាមួយល្អ ហើយលោកនិងក្រុមការងារនឹងខិតខំប្រឹងប្រែងបន្ថែមដើម្បីស្នាដៃថ្មីរបស់លោក និងតារាចម្រៀងរួមដំបូលកាន់តែល្អប្រសើរ ហើយលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
គួរបញ្ជាក់ផងដែរថា តារាចម្រៀង អ៊ុង សុវណ្ណារិទ្ធិ ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនក្រោយពីលោកបានចូលរួមប្រកួតក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ រហូតដល់វគ្គ៣នាក់ចុងក្រោយ ។ លោកធ្លាប់ជាតារាចម្រៀងប្រចាំក្រុម រ៉ាក់ និងក្រុម The Melodyផងដែរ៕
ដោយ៖ វឌ្ឍនា