ខេត្តស្វាយរៀង៖ បុរសម្នាក់ ត្រូវបានក្រុមជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ៣គ្រឿងមកធ្វើសកម្មភាពចាប់ ដោះយកចិញ្ចៀនមួយវង់បានសម្រេច បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ ចំណុចមុខសណ្ឋាគារទន្លេវ់ៃគោ ក្នុងភូមិ មេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង រួចបើកម៉ូតូគេចខ្លួនភ្លាមៗ ។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះស្រី សុខុម អាយុ ៦៣ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍រស់នៅភូមិរោងបន្លែសង្កាត់ស្វាយរៀងក្រុងស្វាយរៀង ។ ចំណែកសម្ភារដែលបាត់បង់មានចិញ្ចៀន ត្រាមាស ទម្ងន់ ៥ ជី។
តាមសម្តីបុរសរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿង ចេញពីបង់សេវ៉ាទឹកស្អាត នៅពោធិ៍តាហោរខណៈមកដល់មុខសណ្ឋាគារវៃគោរ ស្រាប់តែមានជនសង្ស័យមិនស្គាល់ឣត្តសញ្ញាណ មានគ្នា០៤នាក់ ជិះម៉ូតូ០៣គ្រឿង បាន ឈប់ហើយក៏បានសួរគាត់រកគ្រូខ្មែរ ចេះមើល បាក់ឆ្អឹង គ្រិចថ្លោះ ។ បន្ទាប់មកក៏បានបបួលគាត់ លេងល្បែងចាក់លុយ តែគាត់និយាយថាគ្មានលុយ ទើបជនសង្ស័យក៏បានទាញដៃជនរងគ្រោះដោះចិញ្ចៀនយកទើបបង្កការភ្ញាក់ផ្អើលតែម្ដង ។
ពាក់ពន្ធ័ករណីនេះលោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០ថា រហូតមកដល់រសៀលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីរកមុខសញ្ញាជនសង្ស័យយកមកផ្ទន្ទាទោសតាមច្បាប់ ៕ដោយ៖យឹម សុថាន