មានគ្រឹះសិល្បៈតាំងពីកុមារចឹងតើបានជា ចែម ស្រីល័ក្ខ ច្រៀងបទចម្រៀងប្រពៃណី ពិរោះយ៉ាងនេះ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងសំនៀងក្រអួន ចែម ស្រីល័ក្ខ ត្រូវបានគេស្គាល់ច្រើនតាមរយៈ​ស្នាដៃបទចម្រៀងសិល្បៈជាច្រើនបន្តបន្ទាប់។ អ្វីដែលកាន់តែធ្វើឲ្យអ្នកស្តាប់ចាប់ចិត្តដិត​អារម្មណ៍គឺបទចម្រៀងប្រពៃណី(ភ្លេងការ) ដែលបទជាច្រើនរបស់នាងមានអ្នកចូលទស្សនា និងស្តាប់រាប់លានដងឯណោះ។
​មានទឹកដីកំណើតដែលប្រមូលផ្តុំដោយអ្នកមានទេពកោសល្យសិល្បៈ នាភូមិកញ្ចាង ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ចែម​ស្រី ល័ក្ខ កើតក្នុងត្រកូលជាអ្នកសិល្បៈ ដែលឪពុក ជាអ្នកលេងភ្លេងប្រពៃណី។ នាងតែងដើរតាមឪពុកគ្រប់ទីកន្លែងពិសេសនៅតាមរោងការ​នានាក្នុងភូមិ និងតំបន់។ មានទេពកោសល្យ ឈាមជ័រជាអ្នកសិល្បៈនាងឆាប់ចាប់បាន​នូវការច្រៀងចម្រៀងប្រពៃណី និងមហោរី គួបផ្សំនឹងការជួយបង្ហាត់បង្ហាញណែនាំពីឪពុក ធ្វើឲ្យនាងអាចច្រៀងបានចាប់តាំងពីអាយុ៨ឆ្នាំ។ សមត្ថភាព ទេពកោសល្យដែលមិន​បានមក​ដោយចៃដន្យនេះបានរុញច្រានឲ្យ ចែម ស្រីល័ក្ខ មានឱកាសក្នុងការដុសខាត់សមត្ថភាព និងជួយ​ក្រុមគ្រួសារលើការរកប្រាក់ចំណូលបានមួយផ្នែក។ នាងកាន់តែធ្វើឲ្យទស្សនិកជន​ស្គាល់​ក្រោយពីបានចូលប្រកួតក្នុងកម្មវិធីសិល្បៈទូរទស្សន៍មួយរហូតទទួលបានជ័យលាភី​លេខ១ គឺកម្មវិធី“ផ្កាយរះក្នុងសួន”។ អ្វីដែលកាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលគឺក្រោយពេល នាងចូលរួមប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣។
តារាចម្រៀងស្រីរូបនេះលើកឡើងថា គ្រប់ប្រភេទស្នាដៃបទចម្រៀងទាំង​នាងពិតជា​ពេញចិត្ត ប៉ុន្តែអារម្មណ៍នៃការស្រលាញ់ដកចិត្តមិនបានគឺទម្រង់សិល្បៈចម្រៀងប្រពៃណី និងមហោរី ហើយបទចម្រៀងទាំងនេះនាងមិនមានការលំបាកច្រើននោះទេព្រោះតែធ្លាប់ឆ្លង​កាត់ការច្រៀង និងហ្វឹកហាត់តាំងពីកុមារមកនោះ។ តារាស្រីរូបនេះលើកឡើងដែរថាកន្លង​មកនាងធ្លាប់បានបញ្ចេញស្នាដៃបទចម្រផងប្រពៃណីជាច្រើន លើបណ្តាញសង្គមYoutube និងទទួលបានការគាំទ្រច្រើនពីអ្នកស្តាប់ ដូចជាបទ”អ៊ុំទូកក្លាយ” ជាដើម ដែលមានអ្នកចូលស្តាប់ប្រមាណជាង៤លានដង។ សិល្បករវ័យ២៣ ឆ្នាំរូបនេះបញ្ជាក់ដែរថា នាងត្រៀមបញ្ចេញស្នាដៃបទចម្រៀងសម័យ ពិសេសបទចម្រៀងប្រពៃណី(ភ្លេងការ) មួយចំនួនបន្ថែមទៀតដើម្បីបំពេអារម្មណ៍ទស្សនិកជន ហើយនាងរំពឹងថានឹងទទួលបាន​ការគាំទ្រច្រើនពីទស្សនិកជន៕

ដោយ វឌ្ឍនា

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print