ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ធូដេវ៉ារថយន្តហើយបានបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវនារី២នាក់ជិះម៉ូតូម៉ាកនិចជ្រុលបុកបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំងអស់គ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខរោងកុនលុច្យ តាមបណ្តោយផ្លូវលេខ១៥៤កែងផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកធូដេមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខកណ្តាល1P-9735 ធ្វើដំណើរតាមបណ្តោយផ្លូវនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុស្រាប់តែទាញចង្កូតបត់ឆ្វេងទាំងបំពានភ្លើងស្តុបក្រហមភ្លាមនោះស្រាប់តែមាននារី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៍ត្រួយចេក ពាក់ស្លាក លេខភ្នំពេញ1CQ 9788 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥៤ ក្នុងទិសដៅពីកើតទៅលិចក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយដួលទៅនិងថ្នល់រងរបួសធ្ងន់និងស្រាលទាំងសងខាង។
ក្រោយពេលកើតហេតុម្ចាស់ម៉ូតូធូដេត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភាមៗចំណែកម៉ូតូទាំងសងខាងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕


...
ដោយ៖ ព្រែកជ័យ