អាមេរិក៖ ការគាំទ្រប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការដឹកនាំរបស់លោក មិនបានល្អនាពេលចុងក្រោយនេះ ពិសេសគឺក្នុងសង្គ្រាមប្រឆាំង កូវីដ១៩ ។
តាមលទ្ធផលស្ទង់មតិ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden បាននាំមុខប្រធានាធិបតី ដូណាល់ត្រាំដល់ទៅ១១ពិន្ទុ ក្នុងការប្រជែងតំណែងប្រធានាធិបតី សម្រាប់ការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២០។
ការស្ទង់មតិថ្មីបំផុត របស់មហាវិទ្យាល័យ Quinnipiac បង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិក ៥១ភាគរយប្រកាសថា នឹងបោះឆ្នោតឲ្យលោក Joe biden ជាមួយគ្នានោះមានពលរដ្ឋអាមេរិកតែ៣៩ភាគរយប៉ុណ្ណោះ បោះឆ្នោតគាំទ្រលោកត្រាំ។ បើប្រៀបធៀបខែមុន លោក Joe Biden ទទួលបានការគាំទ្រ ៤៩ភាគរយ ចំណែកលោកត្រាំទទួលបាន ៤១ភាគរយ ។
ការគាំទ្រលោកត្រាំធ្លាក់ចុះដោយសារតែ ពលរដ្ឋមិនពេញចិត្ត យុទ្ធសាស្ត្រ ប្រឆាំងកូវីដ១៩ ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ។ ទាំងនោះហើយបានធ្វើឲ្យការគាំទ្រលោកធ្លាក់ចុះជាបន្តបន្ទាប់។
នៅក្នុងការស្ទង់មិត របស់មហាវិទ្យាល័យ Quinnipiac ដោយសម្ភាសន៍ពលរដ្ឋតាមទូរស័ព្ទចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែឧសភា ទៅលើពលរដ្ឋ១៣២០នាក់ មានសិទ្ធិទៅបោះឆ្នោត បង្ហាញឲ្យឃើញថា ពលរដ្ឋភាគច្រើន អស់ទំនុកចិត្តទៅលើប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការដឹកនាំមហាអំណាចអាមេរិក។ចំណុចទាំងនោះហើយបានធ្វើឲ្យលោកត្រាំ កាន់តែបាត់បង់ឱកាសក្នុងការដឹកនាំអាមេរិក មួយអាណត្តិទៀត ៕
ដោយ៖ ធី រីណា