ខេត្តស្ទឹងត្រែង៖ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអំពាវនាវដល់សប្បុរសជនទាំងអស់ចួលរួមជាសម្ភារនិងធនធានដើម្បីបុព្វហេតុមនុស្សធម៌សម្រាប់ជួយដល់ប្រជាជនជនរងគ្រោះ ងាយគ្រោះថ្នាក់ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា គ្រួសារទីទាល់ក្រ អ្នកផ្ទុកមេរោគអេដស៍ និងមានជំងឺតម្កាត់ផ្សេងៗ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំប្រមូលមូលនិធិសម្រាប់ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ពិភពលោក៨ ឧសភា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះ លោកម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងឆ្នាំ២០២០នេះសាខាកាកបាទក្រហមកម្ពុជាខេត្ត បានត្រៀមរៀបចំទិវាកាកបាទក្រហមអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ”ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហម” ប៉ុន្តែដោយសារតែបញ្ហាកូវីដ-១៩ និងមានការណែនាំពីគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ទិវានេះមិនត្រូវបានរៀបចំឡើយ។
លោកអភិបាលខេត្តបានបន្តថា ទោះជាទិវាកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា មិនបានរៀបចំក៏ពិតមែន ប៉ុន្តែគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសូមអំពាវដល់សប្បុរសជនទាំងអស់មេត្តាជួយចែករំលែកនូវសម្ភារនិងធនធានទៅតាមសទ្ធានិងកម្លាំងរបស់ខ្លួន ដើម្បីរួមចំណែកជួយកាកបាទក្រហមដោយស្មោះស្ម័គ្រអស់ពីដួងចិត្តនិងសេចក្តីជ្រះថ្លា។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការចូលរួមរបស់សប្បុរសជន ជាការរួមចំណែកដ៏មានតម្លៃសម្រាប់មនុស្សជាតិ ក្នុងការលើកកម្ពស់សកម្មភាពមនុស្សធម៌ក្នុងសង្គមជួយដល់ជនរងគ្រោះនិងជនងាយរងគ្រោះ ដែលកំពុងត្រូវការការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា។
គួរំលឹកផងដែរថាក្នុងអំឡុងឆ្នាំ២០១៩កន្លងមកនេះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានប្រមូលនិងកៀរគរថវិកាពីសប្បុរសជនបានចំនួន២១៣,៤៦០,០០០រៀល និង២០,៥២៥ដុល្លារអាមេរិក ដើម្បីសកម្មភាពមនុស្សធម៌៕
ដោយ!មាស សុផាត