ខេត្តស្វាយរៀង៖ មានករណីផ្ទុះមីនតោនសល់ពីសម័យសង្គ្រាម លាន់កក្រើកដី បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋាន បណ្ដាលឱ្យសត្វក្របីរបស់អ្នកភូមិងាប់៣ក្បាល ធ្លាយពោះវៀននិងបែកសាច់ខ្ទេច និងរបួសជាច្រើនក្បាលគួរអោយរន្ធត់ ប៉ុន្តែមិនមានមនុស្សរងរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឱ្យដឹងថា ចំពោះម្ចាស់ក្របីមានឈ្មោះ មាជ ទ្រូ ភេទប្រុស អាយុ២៩ ជនជាតិខ្មែរ មុខរបរកសិករទីលំនៅបច្ចុប្បន្ន ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា ករណីនេះមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ខណៈដែលសត្វក្របីទាំងអស់នេះ បានដើរស៊ីស្មៅនៅឯវាលស្រែក្រវ៉ាត់ក្រុង នៅឆ្ងាយពីផ្ទះអ្នកភូមិសង្ស័យដើរជាន់ត្រូវគ្រាប់មីនក៏ផ្ទុះតែម្តង ។ ក្រោយកើតហេតុសមត្ថកិច្ចក្រុង និងមន្ត្រីស៊ីម៉ាក ក៏បានដាក់ស្លាកសញ្ញាប្រុងប្រយត្ន័ហាមឃាត់ហើយដែរ ដោយដោះគ្រាប់មិនទាន់អស់នៅតំបន់នោះមានច្រើន ។
ចំពោះសពសត្វក្របីទាំង៣ក្បាល សមត្ថកិច្ចនគរបាលក្រុងបាវិត បានប្រគល់ជូនម្ចាស់វិញ ៕ដោយ៖យឹម សុថាន