សំបុកកន្ធាយក្បាលកង្កែប ចំនួន ៤៩ ស្មើនឹង ១.៧៥៦ពង ត្រូវបានរកឃើញ ក្នុងឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងរដូវពងកូនឆ្នាំ ២០២០ នេះ ក្រុមការពារសំបុកនៅសហគមន៍បានរកឃើញសំបុកកន្ធាយក្បាលកង្កែប ចំនួន ៤៩ សំបុក ដែលមាន ១.៧៥៦ពង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គការ សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ក្នុងឱកាសទិវាអណ្ដើកពិភពលោក។
ប្រភពដដែលបានបញ្ជាក់ថា ទោះបីជាចំនួននេះកើនលើសឆ្នាំ២០១៩ តែពីរសំបុកក្តី ប៉ុន្តែបើ គិតជាចំនួនពងសរុបប្រចាំឆ្នាំ គឺមានការកើនឡើងបើធៀបនឹងបីឆ្នាំកន្លងមក។ គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០ មានកូនកន្ធាយក្បាលកង្កែបសរុបចំនួន ៨២៤កូន បានញាស់ចេញពីសំបុកចំនួន ៤១ សំបុក ដែល ក្នុងនោះកូនកន្ធាយ ចំនួន ៦៥៧ ត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិវិញ ចំណែកឯកូនកន្ធាយដែលនៅសល់ ក្រុមការងារកំពុងមើលថែទាំ និងគ្រោងលែងចូលក្នុងទីជម្រកធម្មជាតិវិញក្នុងពេលឆាប់ៗខាងមុខ។
លោក កែន សេរីរដ្ឋា នាយកអង្គការ wcs បានមានប្រសាសន៍ថា៖ « ដោយមានការគាំទ្រជាបន្តបន្ទាប់ពី ម្ចាស់ជំនួយរបស់យើង និងមានកិច្ចសហប្រតិបត្តិការល្អពីរដ្ឋបាលជលផល ព្រមទាំងមានការប្ដេជ្ញាចិត្ត ខ្ពស់របស់បុគ្គលិកនៅទីវាលរបស់យើង និងក្រុមការពារសំបុកនៅសហគមន៍ អង្គការ wcs សម្រេចបាន នូវសមិទ្ធិផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តគម្រោងរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក »។

លោកសេរីរដ្ឋាបានបន្ថែមទៀតថា៖ «កំណើននៃសំបុក និងពងកន្ធាយបានជំរុញ និងលើកទឹកចិត្តយើងឱ្យខិតខំ ប្រឹងប្រែងបន្តទៀតដើម្បីអភិរក្សកន្ធាយក្បាលកង្កែប ដែលកំពុងទទួលរងគ្រោះជិតផុតពូជបំផុតនេះ »។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានមានប្រសាសន៍ថាសម្តែងការ អបអរសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍ បងប្អូនប្រជាពលរដ្ឋ និងជាពិសេស អង្គការ WCS ដែលបាននិងកំពុងស្តារប្រភេទកន្ធាយដែលកំពុងរងគ្រោះថ្នាក់នេះឱ្យមានវត្តមានក្នុងដែនទឹក ធម្មជាតិនេះឡើងវិញ។ លោកក៏បានស្នើឱ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទកន្ធាយនេះ ព្រមទាំងក្រើន រម្លឹកដល់ជនមួយចំនួន ដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។
ជាមួយគ្នានេះដែរ លោកស្រីបណ្ឌិត សុនចា លូហ្ស (Dr. Sonja Luz) នាយកផ្នែកអភិរក្ស និងស្រាវជ្រាវ និងសេវាពេទ្យសត្វ នៃសួនសត្វស៊ីងហ្គាពួរ (Wildlife Reserves Singapore) បានមានប្រសាសន៍ថា៖ «ក្នុងនាមជាអង្គការធ្វើការងារផ្នែកអភិរក្សសត្វព្រៃ ក្រៅពីការមើលថែទាំសត្វព្រៃនៅក្នុងសួនសត្វព្រៃរបស់យើង យើងក៏នៅមាន ភារកិច្ច និងការទទួលខុសត្រូវជាច្រើនទៀតផងដែរក្នុងការការពារប្រភេទសត្វនានាដែលកំពុងទទួលរងការ គំរាមកំហែងនៅក្នុងធម្មជាតិ។ សួនសត្វព្រៃស៊ីងហ្គាពួរ (WRS) មានសេចក្តីរីករាយដោយអាចបំពេញ តួនាទីរបស់ខ្លួនដើម្បីគាំទ្រដល់ការងារអភិរក្សរបស់ដៃគូនានានៅក្នុងតំបន់ ដូចជា អង្គការ WCS ប្រចាំកម្ពុជា ក្នុងការធានាឱ្យមានកំណើនឡើងវិញនៃប្រភេទកន្ធាយក្បាលកង្កែបនៅក្នុងទីជម្រកធម្មជាតិ »។

សូមបញ្ជាក់ថា កន្ធាយក្បាលកង្កែបឬល្មិច ដែល មានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantorii ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។ វានៅមានចំនួនតិចតួចប៉ុណ្ណោះក្នុងប្រទេសឡាវ និងប្រទេសមួយចំនួនទៀត និងវាទំនងជាបានផុតពូជហើយនៅតាមអតីតទីជម្រកដែលវាធ្លាប់រស់នៅភាគច្រើនក្នុងប្រទេសវៀតណាម និងថៃ ដោយសារមានការលួចចាប់ និងធ្វើពាណិជ្ជកម្ម រួមទាំង សកម្មភាពខុសច្បាប់ក្នុងការប្រមូលយកពងរបស់យកទៅលក់ឬធ្វើជាអាហារ។ នៅកម្ពុជា អ្នកវិទ្យាសាស្ត្រមិន បានរកឃើញវត្តមានប្រភេទកន្ធាយនេះទេក្នុងចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧។ ក៏ប៉ុន្តែ ក្នុងឆ្នាំ២០០៧ អង្គការអភិរក្សអន្តរជាតិ (CI) បានរកឃើញវត្តមានកន្ធាយនេះនៅក្នុងទន្លេមេគង្គ ចន្លោះពីខេត្តក្រចេះ ដល់ស្ទឹងត្រែង។ អង្គការអភិរក្សអន្តរជាតិ (CI) បានធ្វើការជាមួយរដ្ឋបាលជលផលការពារប្រភេទកន្ធាយនេះ រហូតដល់ឆ្នាំ២០១៧ ទើបប្រគល់គម្រោងនេះឱ្យទៅអង្គការ WCS គ្រប់គ្រងបន្ត។ ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បាន និងកំពុងធ្វើការអភិរក្សប្រភេទសត្វនេះ តាមរយៈការទប់ស្កាត់រាល់ សកម្មភាពខុសច្បាប់ទាក់ទងនឹងការចាប់ និងការធ្វើពាណិជ្ជកម្មប្រភេទកន្ធាយក្បាលកង្កែបនេះ កម្មវិធីការ ពារសំបុកនៅតាមសហគមន៍ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍ និងសហគមន៍នេសាទ៕

...

ប្រភព៖ ក្រសួងព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print