ប្រវត្តិ÷ អ្នកតាសិង្ហ និង​អ្នក​តា​ព្រះ​ឥន្ទ

ចែករំលែក៖

នៅ​វត្ត​ភ្នំ​ក្ងោក​មាស ស្រុក​កំពង់​លែង ខេត្តកំពង់ឆ្នាំង មាន​អ្នក​តា​ពីរ​កន្លែង មាន​ឈ្មោះ​ផ្សេង​ពីរ​គ្នា:
ក. អ្នក​តា​ព្រះ​ឥន្ទ មាន​រូប​ធ្វើ​ដោយ​ថ្ម ចាស់​តំណាល​ថា ព្រះ​បាទ​អស្សច័រាជ​ជា​អ្នក​កសាង តាំង​ពី​ជំនាន់​នគរ​វត្ត​ម្ល៉េះ ។ រូប​អ្នក​តា​នោះ​មាន​សណ្ឋាន​ជា​រូប​សិង្ហ ឬ តោ ទំហំ​ជុំ​វិញ​ខ្លួន ០.៩០ម ទទឹង​ខ្លួន ០.៣០ម កម្ពស់ ០.៧០ម មាន​អាស្រម​ធ្វើ​ដោយ​ឈើ​ប្រក់​ក្បឿង ស្ថិត​នៅ​មុខ​ព្រះ​វិហារ​វត្ត​ក្ងោក​មាស​លើ​សព្វ​ថ្ងៃ​នេះ ។

ខ. អ្នក​តា​សិង្ហ មាន​រូប​ពី​បុរាណ​មក​ធ្វើ​ដោយ​ថ្ម គេ​តំណាល​ថា ព្រះ​បាទ​អស្សច័រាជ​កសាង​តំណាល​គ្នា​នឹង​អ្នក​តា​ព្រះ​ឥន្ទ​ដែរ មាន​សណ្ឋាន​និង​ទំហំ​ប៉ុន​គ្នា ឯ​អាស្រម​ទៀត​សោត​ក៏​ដូច​គ្នា ប្លែក​តែ​ទី​កន្លែង​ប៉ុណ្ណោះ គឺ​អ្នក​តា​សិង្ហ​នេះ ឋិត​នៅ​មុខ​ព្រះ​វិហារ​វត្ត​ក្ងោក​មាស​ក្រោម​សព្វ​ថ្ងៃ ។

អ្នក​តា​ទាំង​ពីរ​នេះ ចាស់​ព្រឹទ្ធាចារ្យ​បាន​តំណាល​ថា: ដើម​ឡើយ​អ្នក​តា​ព្រះ​ឥន្ទ មាន​អាស្រម​នៅ​ទួល​គោក​សំរង សង្កាត់​ត្រប់ ស្រុក​ជើង​ព្រៃ ខែត្រ​កំពង់​ចាម ។ ឯ​អ្នក​តា​សិង្ហ នៅ​សង្កាត់​ច្រុប ស្រុក​សន្ទុក ខែត្រ​កំពង់​ធំ​ឯ​ណោះ ។ លុះ​ដល់​រវាង​ព. ស. (តាម​អ្នក​ស្រុក​ស្មាន) ២៣៩៣ ព្រះ​បាទ​អង្គ​ចន្ទ ទ្រង់​យាង​មក​កាន់​វត្ត​ក្ងោក​មាស ទ្រង់​ទត​ឃើញ​ដី​ទួល​ពេញ​ព្រះទ័យ ក៏​ត្រាស់​ឲ្យ​អ្នក​ស្រុក​ទៅ​អញ្ជើញ​អ្នក​តា​ទាំង​ពីរ ពី​កន្លែង​រៀង​រាល់​អង្គ មក​ប្រតិស្ឋាន​នៅ​កន្លែង​សព្វ​ថ្ងៃ​រហូត​មក ។

សព្វ​ថ្ងៃ​នេះ អ្នក​ស្រុក​នៅ​តែ​គោរព​រាប់​អាន​អ្នក​តា​ទាំង​ពីរ​នេះ​ជា​ធម្មតា ។ ឯ​គ្រឿង​សំណែន​ដែល​គេ​រៀប​ចំ​ឡើង​អ្នក​តា​នេះ មាន​ស្លា​ជម បាយ​សី បង្អែម ចំអាម និង​ភ្លេង​ដូរ្យតន្ត្រី​ផង ។ ឯ​គ្រឿង​តង្វាយ​មាន ស្លា​ធម៌​ដូង ១​គូ និង​សំពត់​ព្រែ​ក្រហម ២ម។ គេ​ឡើង​អ្នក​តា​នេះ នៅ​ថ្ងៃ​ទី ៣ កើត ខែ​ពិសាខ​រៀង​រាល់​ឆ្នាំ ។ មាន​រូប​សំណឹង​សម្រាប់​បញ្ជាន់​ដែរ​គឺ​ឈ្មោះ ចាន់ សុខ ៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងនិងទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print