រថយន្តរាប់ពាន់គ្រឿងបានដង្ហែរក្បួនបាតុកម្ម នៅទីក្រុង Madrid និងទីក្រុងជាច្រើនទៀត ក្នុងប្រទេសអេស្ប៉ាញប្រឆាំងច្បាប់បម្រាមគោចរ ។
ក្រុមបាតុករបានអំពាវនាវដល់នាយករដ្ឋមន្ត្រី Pedro Sanchez និងឧបនាយករដ្ឋមន្ត្រី Pablo Iglesias លាលែងចេញពីតំណែងផងដែរ ដោយសារតែការដោះស្រាយវិបត្តិ កូវីដ១៩មិនបានល្អ ពិសេសគឺច្បាប់បម្រាមគោចរ ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ និងពលរដ្ឋរាប់សែននាក់អត់ការងារធ្វើ។
ក្រុមបាតុករ បានលើកឡើងថា«ដល់ពេលដែលត្រូវបញ្ចប់ច្បាប់បម្រាមគោចរ ហើយក៏ដល់ពេលដែល នាយករដ្ឋមន្ត្រី Pedro Sanchez និងឧបនាយករដ្ឋមន្ត្រី Pablo Iglesiasត្រូវលាលែងចេញពីតំណែង ដោយបានធ្វើឲ្យពលរដ្ឋជាច្រើនត្រូវបាត់បង់ការងារធ្វើ។
សារព័ត៌មាន VTC news បានផ្សាយថា លោក Santiago Abascal មេដឹកនាំបក្សប្រឆាំង Voxបានថ្លែងសុន្ទរកថា តាម EsRadio ដើម្បីឲ្យក្រុមបាតុករនៅក្នុងរថយន្តបានស្តាប់ពេលចូលរួមបាតុកម្ម ។ នៅក្នុងសុន្ទរកថា លោក Santiago Abascal បញ្ជាក់ថា រដ្ឋាភិបាលអេស្ប៉ាញនឹងត្រូវទទួលខុខត្រូវចំពោះ ការគ្រប់គ្រងមិនបានល្អរបស់ខ្លួន។
នេះជាបាតុកម្មលើកដំបូងប្រឆាំងរដ្ឋាភិបាលចាប់តាំងពីផ្ទុះកូវីដ១៩ ។ ក្រៅពីទីក្រុង Madrid នៅទីក្រុងផ្សេងៗទៀតដូចជា Seville និង Barcelona ក៏មានបាតុកម្មដូចគ្នាកើតឡើងផងដែរ។
អេស្ប៉ាញជាប្រទេសអនុម័តច្បាប់តឹងតែងបំផុតប្រឆាំងកូវីដ១៩ ក្នុងតំបន់អឺរ៉ុប ហើយពេលនេះក៏បានចាប់ផ្តើមកាត់បន្ថយច្បាប់រិតត្បិត ក្រោយធូស្រាលពីកូវីដ១៩ ។មកទល់ពេលនេះអេស្ប៉ាញមានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ទៅ ជាង២៣៤ពាន់នាក់ និងស្លាប់ ជាង២៨ពាន់នាក់ ៕
