កម្លាំងកងរាជអាវុធហត្ថសហការជាមួយគយចល័តបង្ក្រាបចាប់ឡានដឹកដែក៥គ្រឿងរបស់ក្រុមហ៊ុន HENG TY CHUNG TRADING CO., LTDបន្លំពន្ធ និងផ្ទុកលើសទម្ងន់

ចែករំលែក៖

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយគយចល័ត នឹងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល តាកែវ បង្រ្កាបចាប់រថយន្តដឹកដែកចំនួន៥គ្រឿងកាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ២ ជិតស្នាក់ការសន្តិសុខលេខ២០១ ឋិតក្នុងភូមិហាក់រមាណ ស្រុកបាទី ខេត្តតាកែវ សង្ស័យបន្លំពន្ធនាំចូលលើសពីលិខិតប្រតិវេទន៍គយអនុញ្ញាតិ និងផ្ទុកលើសទំងន់។

រថយន្តដឹកដែកទាំង៥គ្រឿងត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំមករក្សាទុកនាទាបភ្លឺឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នៅមណ្ឌលឃ្លាំងបណ្តោះអាសន្ន នាយកដ្ឋាន បង្ការ និងបង្រ្កាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថសហការជាមួយគយចល័តបានរៀបចំក្រុមការងារធ្វើការឆែកឆេរត្រួតពិនិត្យហើយមានការចូលរួមពីតំណាងម្ចាស់ក្រុមហ៊ុនផងដែរ។

លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ បានប្រាប់នគរវត្តអោយដឹងថាៈ ដោយយោងតាមការអនុវត្តតាមតួនាទី ភារកិច្ច កម្លាំងយើងសហការជាមួយគយចល័ត និងមានការចូលរួមពីតំណាងម្ចាស់ក្រុមហ៊ុនជាលទ្ឋផលនៃការត្រួតពិនិត្យរថយន្តដឹកដែកចំនួន០៥គ្រឿងរបស់ក្រុមហ៊ុន HENG TY CHUNG TRADING CO., LTDដែលបានឃាត់កាលពីយប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៦ បានទទួលលទ្ឋផលដូចខាងក្រោម ។ ក្នុងនោះរកឃើញករណីលើសទំងន់:១. រថយន្តទី១ លើសទំងន់ចំនួន ២០៧៨០គីឡូក្រាម (ដែកសរសៃ)២. រថយន្តទី២ លើសទំងន់ចំនួន ២០៧៨០គីឡូក្រាម (ដែកសរសៃ)៣. រថយន្តទី៣ លើសទំងន់ចំនួន ២០៧៨០គីឡូក្រាម (ដែកសរសៃ)៤. រថយន្តទី៤ លើសទំងន់ចំនួន ២០៧៨០គីឡូក្រាម (ដែកសរសៃ)៥. រថយន្តទី៥ គ្រប់ចំនួនតាមការប្រកាសនៅក្នុងឯកសារកាត់ស្តុករបស់គយ (ដែកបន្ទះខ្មៅ) ចំនួនលើសសរុប ៨៣១២០គីឡូក្រាម (៨៣.១២តោន)។

លោកឧត្តមសេនីយ៍អ្នកនាំពាក្យបន្តថាៈ ករណីពិនិត្យរកឃើញថារថយន្តល្មើសមានចំនួន៣គ្រឿងបាន:

ទី១-ប្រើប្រាស់ស្លាកលេខក្លែងក្លាយ-ខុសលក្ខណ:បច្ចេកទេស (កាត់ត ក្បាល) ពីទិន័្នយដែលទទួលពីសាធារណការ ។

២. រថយន្តចំនួន០២គ្រឿងមានឯកសារត្រឹមត្រូវ ។ ដោយឡែកចំពោះទំនិញល្មើសច្បាប់កម្លាំងបានប្រគល់ជូនស្ថាប័នគយដើម្បីចាត់ការតាមនិតិវិធី ហើយរថយន្តចំនួន០៣គ្រឿងដែលក្លែងស្លាកលេខនិងកាត់ត ខុសបច្ចេកទេស ត្រូវបានព្រះរាជអាជ្ញាប្រគល់ជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីស៊ើុបអង្កេតបន្តតាមនិតិវិធី។

គួររំលឹកថា ការផ្ទុកលើសទំងន់គឺបានបំផ្លាញផ្លូវជាតិដែលរាជរដ្ឋាភិបាលខិតខំកសាង ងាយនឹងស្រុតប្រេះស្រាំ និងបង្កអោយមានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានជាញឹកញាប់ ហើយការលួចបន្លំពន្ធនេះទៀតសោតក៏ធ្វើអោយរដ្ឋខាតបាត់បង់ចំណូលពន្ធនាំចូល ដោយសារតែក្រុមហ៊ុន HENG TY CHUNG TRADING CO., LTD មានចេតនាទុច្ចរិតរកសុីប្រណាំងប្រជែងពាណិជ្ជកម្មដោយគ្មានភាពស្មោះត្រង់។

ក្រុមហ៊ុន HENG TY CHUNG TRADING CO., LTDត្រូវបានគេដឹងថាជាក្រុមហ៊ុនរបស់លោកស័ក្តិ៥ អេង ឃាង មេបញ្ជាការយោធាវរៈការពារព្រំដែនលេខ៣០១ នៃតំបន់ប្រតិបត្តិការសឹករងតាកែវ។ ដូច្នេះបើសមត្ថកិច្ចមានតួនាទីជួយសម្រួលដល់ស្ថាប័នគយដើម្បីទប់ស្កាត់បទល្មើសគេចពន្ធប្រមូលពន្ធចូលរដ្ឋ ហើយខ្លួនមានតួនាទីហើយទៅប្រព្រឹត្តមុខរបរបំពានច្បាប់គួរតែថ្នាក់លើមានវិធានការ ។

ពាក់ព័ន្ធនឹង​ករណី​កម្លាំងកងរាជអាវុធហត្ថ​ សហការជាមួយគយចល័តចាប់រថយន្តដឹកដែកទាំង៥ខាងលើ លោក អេង ឃាង ម្ចាស់ក្រុមHENG TY CHUNG TRADING CO., LTD និងជា​មេបញ្ជាការយោធាវរៈការពារព្រំដែនលេខ៣០១ នៃតំបន់ប្រតិបត្តិការសឹករងតាកែវ បានប្រាប់នគរវត្តតាមទូរស័ព្ទថា «ករណីដឹកជញ្ជូននេះ វាគ្រាន់តែខុសច្បាប់បន្តិចបន្តួច ហើយដោះដូរស្លាកលេខពីរថយន្តមួយទៅរថយន្តមួយទៀតនោះជារឿងរបស់កូនចៅខ្ញុំទេ ធ្វើដើម្បីបំពេញតម្រូវការកាត់ស្តុបគយ ។ លោកអេង ថាង បន្តថា ម្យ៉ាងទៀត​ការដោះលេខរថយន្តផ្សេងមកដាក់រថយន្តដឹកជញ្ជូនដែកនេះ វាជាទម្លាប់ទៅហើយ ព្រោះស្រុកខ្មែរយើង បើបើកឡានអត់មានស្លាកលេខ ប៉ូលិសរករឿង ម៉្លោះហើយ ចេះតែចាប់ដាក់ៗទៅ» ៕ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print